អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក ដានីញែល ហាហ្ការី (Daniel Hagari) បាននិយាយកាលពីថ្ងៃអង្គារ (២៦ ធ្នូ) ថា ការវាយប្រហារនៅសមុទ្រលើនាវាដែលមិនមានទំនាក់ទំនងជាមួយអ៊ីស្រាអែល គឺជាអំពើភេរវកម្មរបស់អ៊ីរ៉ង់ ដែលធ្វើឡើងដោយក្រុមឧទ្ទាមហ៊ូទី (Houthi)។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីប្រកាសពីការស្ទាក់ចាប់គោលដៅដែនអាកាសអរិភាព ដែលត្រូវបានស្ទាក់ចាប់ដោយយន្តហោះចម្បាំងអ៊ីស្រាអែល ពីលើតំបន់សមុទ្រក្រហម ដែលកំពុងតែធ្វើដំណើរទៅកាន់ទឹកដីអ៊ីស្រាអែល។

កងជីវពល ហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ របស់ប្រទេសយេម៉ែន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃអង្គារ (២៦ ធ្នូ) លើនាវាកុងតឺន័រនៅសមុទ្រក្រហម និងសម្រាប់ការប៉ុនប៉ងវាយប្រហារអ៊ីស្រាអែលដោយយានដ្រូន។

ចាប់តាំងពីខែមុន ក្រុមហ៊ូទី ដែលគ្រប់គ្រងទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសយេម៉ែន បន្ទាប់ពីសង្រ្គាមជាច្រើនឆ្នាំ បានបាញ់យានដ្រូន និងមីស៊ីលទៅកាន់នាវាអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ក្នុងការវាយប្រហារដែលខ្លួននិយាយថាជាការឆ្លើយតបទៅនឹងការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប៕