ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារ (២៦ ធ្នូ) ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ២០.៩១៥នាក់ ត្រូវបានសម្លាប់ និងមនុស្សចំនួន ៥៤.៩១៨នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក។

អ្នកនាំពាក្យរបស់ក្រសួងលោក អាស្រាហ្វ អាល់កេដ្រា (Ashraf Al-Qedra) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ប្រជាជនប៉ាឡេស្ទីនចំនួន ២៤១នាក់ បានស្លាប់ និងមនុស្ស ៣៨២នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងប្រតិបត្តិការផ្លូវអាកាស និងដីចំនួន១៨ដង ដែលបានចាប់ផ្តើមដោយកងកម្លាំងអ៊ីស្រាអែល នៅទូទាំងតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាសមួយនេះ។

លោក Al-Qedra បានអំពាវនាវដល់អង្គការអន្តរជាតិឱ្យជួយការពារមន្ទីរពេទ្យ និងបុគ្គលិកពេទ្យនៅហ្កាហ្សា ក៏ដូចជាអ្នករបួស អ្នកឈឺ និងអ្នកភៀសខ្លួននៅទីនោះ។ លោកក៏បានជំរុញសហគមន៍អន្តរជាតិឱ្យ «បង្កើនកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់ដើម្បីធានាការផ្តល់ថ្នាំ និងប្រេងឥន្ធនៈ ដែលត្រូវការជាបន្ទាន់សម្រាប់អ្នករបួស និងអ្នកជំងឺរាប់ពាន់នាក់នៅហ្កាហ្សា»។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍សំខាន់របស់ហ្កាហ្សា ឈ្មោះថា ផាលតែល (Paltel) បានប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាមានការដាច់បណ្ដាញទាំងស្រុង រួមទាំងសេវាអ៊ីនធឺណិត និងទូរស័ព្ទទាំងអស់ ដោយសារការវាយប្រហារបន្តរបស់អ៊ីស្រាអែល។ ក្រុមហ៊ុននេះបានបន្ថែមថាក្រុមបច្ចេកទេសរបស់ខ្លួនកំពុងធ្វើការដើម្បីស្តារសេវាកម្មឡើងវិញ ទោះបីជាមានស្ថានភាពគ្រោះថ្នាក់ខ្លាំងក៏ដោយ៕