ក្រុមហ៊ុន អេផល (Apple) កាលពីថ្ងៃអង្គារ (២៦ ធ្នូ) បានប្តឹងឧទ្ធរណ៍លើការសម្រេចហាមឃាត់ការនាំចូលនាឡិកា អេផលវ៉ច (Apple Watches) របស់ខ្លួនដោយផ្អែកលើពាក្យបណ្តឹងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាត្រួតពិនិត្យវេជ្ជសាស្ត្រ ម៉ាស៊ីម៉ូ (Masimo) បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានបដិសេធមិនប្រើសិទ្ធិវេតូលើសាលក្រមរបស់រដ្ឋាភិបាល។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះក៏បានដាក់សំណើបន្ទាន់មួយកាលពីថ្ងៃអង្គារ ដល់សាលាឧទ្ធរណ៍របស់សហរដ្ឋអាមេរិក សម្រាប់តុលាការសហព័ន្ធប្រចាំតំបន់ដើម្បីបញ្ឈប់ការហាមឃាត់នេះ។

ក្រុមហ៊ុននេះបានស្នើឱ្យតុលាការសហព័ន្ធប្រចាំតំបន់ផ្អាកការហាមប្រាមនេះ យ៉ាងហោចណាស់រហូតដល់ទីភ្នាក់ងារគយ និងការការពារព្រំដែនរបស់សហរដ្ឋអាមេរិក សម្រេចថាតើកំណែដែលបានរចនាឡើងវិញនៃនាឡិការបស់ខ្លួនរំលោភលើប៉ាតង់របស់ក្រុមហ៊ុនបច្ចេកវិទ្យាត្រួតពិនិត្យវេជ្ជសាស្ត្រ ម៉ាស៊ីម៉ូ ឬយ៉ាងណា និងដើម្បីបញ្ឈប់ការហាមឃាត់នេះ ខណៈពេលដែលតុលាការពិចារណាលើសំណើរបស់ក្រុមហ៊ុនអេផល។

បទបញ្ជារបស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក (ITC) រារាំងការនាំចូល និងការលក់នាឡិកា អេផលវ៉ច ដែលប្រើបច្ចេកវិទ្យាអានកម្រិតអុកស៊ីហ្សែនក្នុងឈាម។ ក្រុមហ៊ុន អេផលបានរួមបញ្ចូលមុខងារវាស់កម្រិតអុកស៊ីហ្សែនក្នុងឈាមតាមជីពចរនេះនៅក្នុងនាឡិកាឆ្លាតវៃរបស់ខ្លួន ដែលចាប់ផ្តើមជាមួយនឹងម៉ូដែលស៊េរី៦ ក្នុងឆ្នាំ២០២០។