គណៈកម្មាធិការដ៏សំខាន់នៅក្នុងសភាប្រទេសទួរគី កាលពីថ្ងៃអង្គារ បានអនុម័តបំណងរបស់ប្រទេសស៊ុយអែត ដើម្បីចូលជាសមាជិកសម្ព័ន្ធយោធា NATO បន្ទាប់ពីការពន្យារពេលជាច្រើនខែ ដោយបានជម្រះឧបសគ្គមួយផ្សេងទៀត នៅក្នុងដំណើរការចូលជាសមាជិករបស់ប្រទេសនៅអឺរ៉ុបខាងជើងមួយនេះ បន្ទាប់ពីការវាយលុករបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន កាលពីឆ្នាំមុន។ បំណងចូលជាសមាជិកសម្ព័ន្ធយោធាNATO របស់ប្រទេសស៊ុយអែត បានជាប់គាំងក្នុងពេលមានការជំទាស់ពីប្រទេសទួរគី និងប្រទេសហុងគ្រី។

ប្រទេសស៊ុយអែត និងហ្វាំងឡង់ បានបោះបង់ចោល ការមិនចូលបក្សសម្ព័ន្ធយោធាជាច្រើនទសវត្សរ៍ ហើយបានព្យាយាមចូលជាសមាជិកអង្គការការពារដឹកនាំដោយសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសរុស្ស៊ី បានវាយលុកលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២។ បំណងរបស់ប្រទេសទាំងពី បានទទួលការយល់ព្រមយ៉ាងរហ័ស ពីសមាជិកសម្ព័ន្ធយោធាNATO ទាំងអស់ លើកលែងតែប្រទេសទួរគី និងហុងគ្រី។ ប៉ុន្តែនៅទីបំផុត ប្រទេសទាំងពីរ បានបន្ធូរបន្ថយ ហើយប្រទេសហ្វាំងឡង់ ត្រូវបានទទួលយកជាសមាជិកទី ៣១ របស់សម្ព័ន្ធយោធាNATO កាលពីខែមេសា។

ប្រទេសទួរគី និងហុងគ្រី នៅតែជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងដែលនៅសល់ ក្នុងការផ្តល់សច្ចាប័នលើបំណងរបស់ប្រទេសស៊ុយអែត រយៈពេល១៩ខែ បន្ទាប់ពីស៊ុយអែត បានដាក់ពាក្យស្នើសុំចូលជាសមាជិក។ កាលពីថ្ងៃអង្គារ គណៈកម្មាធិការកិច្ចការបរទេសរបស់សភាប្រទេសទួរគី បានអនុម័តចំណាត់ការនេះ។
ជំហាននេះ បានត្រួសត្រាយផ្លូវទៅកាន់ការបោះឆ្នោត ធ្វើឡើងដោយសភាពេញលេញ ដែលសម្ព័ន្ធមិត្តកំពុងកាន់អំណាចរបស់លោក Erdogan ទទួលបានអាសនៈភាគច្រើន។
លោក Erdogan កាលពីខែកក្កដា បានដកការជំទាស់របស់លោក ចំពោះសមាជិកភាពសម្ព័ន្ធយោធាណាតូ របស់ប្រទេសស៊ុយអែត បន្ទាប់ពីទីក្រុង Stockholm បានបង្ក្រាបលើក្រុមជនជាតិឃឺដ ដែលទីក្រុងអង់ការ៉ាចាត់ទុកថា ជាក្រុមភេរវករ។