និយ័តករថាមពលនុយក្លេអ៊ែររបស់ប្រទេសជប៉ុន នៅថ្ងៃពុធ (២៧ ធ្នូ) នេះបានដកបម្រាមប្រតិបត្តិការដែលខ្លួនបានដាក់លើរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំឈ្មោះ កាស៊ីវ៉ាហ្សាគី-ការីវ៉ា (Kashiwazaki-Kariwa) របស់ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ Tepco កាលពីពីរឆ្នាំមុន ដោយបានជម្រះផ្លូវសម្រាប់រោងចក្រនេះដើម្បីបន្តដំណើរការឆ្ពោះទៅរកការចាប់ផ្តើមឡើងវិញ។

ក្រុមហ៊ុន Tepco បានខ្នះខ្នែងក្នុងការនាំយករោងចក្រថាមពលអាតូមិកដ៏ធំបំផុតរបស់ពិភពលោកនេះឲ្យត្រឡប់មកដំណើរការវិញដើម្បីកាត់បន្ថយការចំណាយក្នុងប្រតិបត្តិការ ប៉ុន្តែការបន្តឡើងវិញនៅតែត្រូវការការយល់ព្រមពីមូលដ្ឋាននៅក្នុងខេត្ត នីហ្កាតា (Niigata) លើឆ្នេរសមុទ្រជប៉ុន។

ជាមួយនឹងសមត្ថភាពទំហំ ៨.២១២មេហ្គាវ៉ាត់ (MW) រោងចក្រនេះបានឈប់ដំណើរការចាប់តាំងពីប្រហែលឆ្នាំ២០១១ មកនៅពេលដែលគ្រោះមហន្តរាយ ហ៊្វូគូស៊ីម៉ា (Fukushima) បានជំរុញឱ្យមានការបិទប្រតិបត្តិការនៃរោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់នៅក្នុងប្រទេសជប៉ុននៅពេលនោះ។

នៅឆ្នាំ២០២១ អាជ្ញាធរនិយ័តកម្មនុយក្លេអ៊ែរ (NRA) បានរារាំងក្រុមហ៊ុន Tepco មិនឲ្យប្រតិបត្តិការរោងចក្រថាមពល កាស៊ីវ៉ាហ្សាគី-ការីវ៉ា ដែលជាស្ថានីយ៍ថាមពលអាតូមិកតែមួយគត់ដែលអាចដំណើរការបាននេះទេ ដោយសារតែការរំលោភបំពានសុវត្ថិភាពរួមទាំងការបរាជ័យក្នុងការការពារសម្ភារនុយក្លេអ៊ែរ និងកំហុសឆ្គងដែលនាំឱ្យសមាជិកបុគ្គលិកដែលគ្មានការអនុញ្ញាតចូលទៅកាន់តំបន់រសើបនៃរោងចក្រនេះ៕