ចាប់តាំងពីសង្គ្រាមនៅហ្កាហ្សា បានចាប់ផ្តើមមក ផ្ទាំងរូបភាព ស្លាកសញ្ញា និងខិត្តប័ណ្ណជាច្រើន នៅតំបន់ វេសបែង(West Bank) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល បានជំរុញឲ្យប្រជាជនប៉ាឡេស្ទីន ធ្វើពហិការមិនទទួលយកផលិតផលរបស់អ៊ីស្រាអែល និងទិញក្នុងស្រុក។

ពាក្យស្លោកនៃយុទ្ធនាការថ្មីដែលបានរីករាលដាលពាសពេញទីប្រជុំជនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានសរសរថា «ដោយពួកយើង ដើម្បីពួកយើង» ខណៈដែលការអំពាវនាវឲ្យហាមឃាត់ទំនិញរបស់អ៊ីស្រាអែលក៏កើនឡើង នៅក្នុងប្រទេសផ្សេងទៀតផងដែរ។

ពាក្យស្លោកនេះ មាននៅគ្រប់ទីកន្លែង នៅក្នុងបណ្តាញផ្សារទំនើបដ៏ល្បីមួយ នៅតំបន់វេសបែង ជាកន្លែងដែលមានដូចជាទឹក ទឹកដោះគោ និងក្រដាសអនាម័យ ត្រូវផលិតនៅក្នុងប៉ាឡេស្ទីន។
លោក Omar Bawatneh អ្នកគ្រប់គ្រងសាខាមួយនៅទីក្រុងរ៉ាម៉ាឡា ( Ramallah) បាននិយាយថា៖ «វាគឺជាការបង្ហាញពីផលិតផលប៉ាឡេស្ទីន។

ខ្សែសង្វាក់នេះ បានប៉ាន់ប្រមាណថា ការលក់ផលិតផលអ៊ីស្រាអែល នៅហាងរបស់ខ្លួន បានធ្លាក់ចុះ ៣០ ភាគរយ ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។
កាលពីថ្ងៃទី៧ ខែតុលា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយលុកចូលទៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង ជាការវាយប្រហារមួយដែលបានបណ្តាលឲ្យមនុស្សប្រហែល ១.១៤០នាក់ បានស្លាប់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់សារព័ត៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការ។