ព្យុះព្រិលរដូវរងាកំពុងបក់បោកពាសពេញតំបន់វាលទំនាបដ៏ល្វឹងល្វើយ និងតំបន់កណ្តាលភាគខាងលិច របស់សហរដ្ឋអាមេរិក ជាមួយនឹងព្រិលធ្លាក់ខ្លាំង ទឹកភ្លៀងធ្លាក់ដ៏ត្រជាក់ និងខ្យល់បក់ខ្លាំង ដែលបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើរក្នុងអំឡុងសប្តាហ៍វិស្សមកាលដ៏មមាញឹកនេះ។

សេវាអាកាសធាតុជាតិបាននិយាយថា ខ្យល់បោកបក់ញឹកញាប់ពីល្បឿនជាង ៨០គីឡូម៉ែត្រក្នុងមួយម៉ោងទៅជិត ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងខ្យល់កន្រ្តាក់រហូតដល់ជាង ១២០គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងបង្កើតស្ថានភាពព្យុះព្រិល និងធ្វើឱ្យការធ្វើដំណើរកាលពីថ្ងៃអង្គារ ប្រែពី «កម្រិតលំបាកខ្លាំងទៅជិតកម្រិតមិនអាចធ្វើដំណើរបានទាល់តែសោះ»។

នេះរាប់បញ្ចូលទាំងផ្នែកខ្លះនៃរដ្ឋ ណេប្រាស្កា (Nebraska) រដ្ឋសៅ ដាខូតា (South Dakota) រដ្ឋកាន់សាស់ (Kansas) រដ្ឋខូឡូរ៉ាដូ (Colorado) និងរដ្ឋ វ៉ាយអូមីង (Wyoming) ជាទីដែលការព្រមានអំពីព្យុះព្រិលត្រូវបានដាក់ចេញកាលពីថ្ងៃអង្គារ។ ព្យុះព្រិលកើតឡើងនៅពេលដែលមានព្រិលធ្លាក់ និងខ្យល់បក់ខ្លាំងជាប់គ្នាយ៉ាងហោចណាស់បីម៉ោង និងកាត់បន្ថយកម្រិតនៃការមើលឃើញមកត្រឹមជិតកន្លះគីឡូម៉ែត្រ ឬតិចជាងនេះ។
ព្យុះនេះបានចាប់ផ្តើមបោកបក់កាលពីយប់ថ្ងៃអង្គារ នៅទូទាំងភាគកណ្តាលសហរដ្ឋអាមេរិក ហើយបាត់បង់កម្លាំងភាគច្រើននៅព្រឹកថ្ងៃពុធនេះ។ ភ្លៀងធ្លាក់លាយឡំព្រិលមួយចំនួន ឬភ្លៀងលាយព្រិលសើម អាចបន្តអូសបន្លាយសម្រាប់តំបន់វាលទំនាបនេះ ប៉ុន្តែអាកាសធាតុត្រជាក់ដ៏រីករាលដាល និងរំខាន អាចនឹងបញ្ចប់នៅពាក់កណ្តាលសប្តាហ៍នេះ៕