ក្បួនធ្វើដំណើររបស់ជនអន្តោប្រវេសន៍ ដែលកំណត់ចេញដំណើរនៅថ្ងៃបុណ្យណូអែល បានដើរទៅកាន់ទីក្រុង វីឡា កូម៉ាល់ទីត្លាន(Villa Comaltitlan) ភាគខាងត្បូងប្រទេសម៉ិកស៊ិក កាលពីថ្ងៃអង្គារ ដោយធ្វើទៅតាមក្តីសុបិន្តរបស់ពួកគេ ក្នុងការចាប់ផ្តើមជាថ្មី ហើយជនអន្តោប្រវេសន៍មួយចំនួននឹងជួបមនុស្សជាទីស្រឡាញ់របស់ពួកគេនៅសហរដ្ឋអាមេរិក។

ជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីប្រទេសហុងឌុយរ៉ាស និងផ្នែកផ្សេងទៀតនៅអាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប បានដើរជាក្រុមក្រោមការឃ្លាំមើលរបស់កងឆ្មាំជាតិប្រទេសម៉ិកស៊ិក ដោយបានឈប់សម្រាកម្តងម្កាល និងធ្វើការបួងសួង។

អាជ្ញាធរតំបន់ បានប៉ាន់ប្រមាណថា ចំនួនមនុស្សជាមធ្យមក្នុងមួយថ្ងៃ មានប្រហែល ៨ ពាន់នាក់។ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេស លោក Antony Blinken និងប្រធានសន្តិសុខក្រសួងមហាផ្ទៃ លោក Alejandro Mayorkas នឹងធ្វើទស្សនកិច្ចនៅប្រទេសម៉ិកស៊ិក នៅថ្ងៃពុធនេះ ខណៈ រដ្ឋាភិបាលម៉ិកស៊ិក បានសន្យាថា នឹងជួយសហរដ្ឋអាមេរិក ទប់ទល់ចំនួនជនអន្តោប្រវេសន៍ ដែលព្យាយាមចូលទៅដល់ព្រំដែន។