អាជ្ញាធរតំបន់ហ្កាហ្សា បានជីកផ្នូរធំរួមមួយ និងបានបញ្ចុះសាកសពពលរដ្ឋប៉ាឡេស្ទីន មិនស្គាល់អត្តសញ្ញាណចំនួន ៨០ នាក់ កាលពីថ្ងៃអង្គារ។ ក្រសួងសុខាភិបាល បាននិយាយថា សាកសពត្រូវបានប្រគល់ឲ្យដោយប្រទេសអ៊ីស្រាអែល តាមរយៈច្រកឆ្លងកាត់ Kerem Shalom ។

សមាជិកនៃក្រុមអ៊ីស្លាម វ៉ាហ្គ(Waqf) បានថតរូបភាពសាកសព សម្រាប់ការកំណត់អត្តសញ្ញាណ នៅពេលក្រោយ មុនពេលដាក់សាកសពចូលទៅក្នុងទីតាំងជីករួចដ៏វែងមួយនៅទីបញ្ចុះសព ទីក្រុង Rafah ។

យោងតាមក្រុមអ៊ីស្លាម វ៉ាហ្គ(Waqf) បានឲ្យដឹងថា សាកសពទាំងអស់ ត្រូវបានប្រមូលមកពីប្រតិបត្តិការជើងគោក របស់អ៊ីស្រាអែល នៅផ្នែកភាគខាងជើងតំបន់ហ្កាហ្សា។
អ៊ីស្រាអែល និយាយថា ខ្លួនកំពុងធ្វើអ្វីដែលអាចធ្វើបាន ដើម្បីការពារជនស៊ីវិល និងបានដាក់កំហុសលើក្រុមហាម៉ាស់ ចំពោះការធ្វើឱ្យពលរដ្ឋមានគ្រោះថ្នាក់ ដោយការធ្វើប្រតិបត្តិការនៅក្នុងចំណោមជនស៊ីវិលដែលក្រុមហាម៉ាស់ បានបដិសេធ។
ប៉ុន្តែទោះបីជាមានការបដិសេធក៏ដោយ សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បាននិយាយថា អ៊ីស្រាអែល គួរតែធ្វើការងារបន្ថែមទៀតដើម្បីកាត់បន្ថយការស្លាប់របស់ជនស៊ីវិល ជាអ្វីដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ចាត់ទុកថាជា «ការទម្លាក់គ្រាប់បែកមិនរើសមុខ»។