មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រកាសថា កងទ័ពអ៊ុយក្រែន បានដកខ្លួនទៅកាន់ជាយក្រុង Maryinka ជាទីក្រុងសំខាន់មួយនៅតំបន់ភាគខាងកើតតំបន់ Donetsk ។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្រាប់ ប្រធានាធិបតី លោក Vladimir Putin ថា កងកម្លាំងរបស់រុស្ស៊ី រំដោះបានទាំងស្រុងទីក្រុង Maryinka ។ លោក Putin បាននិយាយថា លោកផ្តល់ដំណើរការចូលរបស់យោធា ទៅដល់ «កន្លែងប្រតិបត្តិការកាន់តែទូលំទូលាយ» ។

ទន្ទឹមនឹងនេះ កងកម្លាំងទ័ពអាកាសប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីល ទៅលើកំពង់ផែ Feodosiia តំបន់គ្រីម៉េ ហើយបានបំផ្លាញនាវាធុនធំមួយគ្រឿងកំពុងចត ដែលជាកម្មសិទ្ធិរបស់កងទ័ពជើងទឹកប្រចាំនៅសមុទ្រខ្មៅរបស់រុស្ស៊ី។
រុស្ស៊ីបានដាក់បញ្ចូលជាឧបសម្ព័ន្ធតំបន់គ្រីម៉េជាឯកតោភាគី កាលពីឆ្នាំ ២០១៤។ អ្នកនាំពាក្យរបស់កងទ័ពកម្លាំងទ័ពអាកាស បាននិយាយថា នាវានោះនឹងមិនអាចជួសជុលបាន ហើយបាននិយាយថា លទ្ធផលនេះកើតមានបន្ទាប់ពីការបំផ្លាញនាវា Moskva ជានាវាចម្បាំងរបស់កងទ័ពជើងទឹកនៅសមុទ្រខ្មៅរបស់រុស្ស៊ី កាលពីខែមេសាឆ្នាំ ២០២២។
អ្នកនាំពាក្យបាននិយាយបន្ថែមថា ការវាយប្រហារ ក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងនាវាផ្គត់ផ្គង់នៅក្បែរនោះផងដែរ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក Shoigu បានជម្រាបប្រាប់ លោក Putin អំពីការវាយប្រហាររបស់អ៊ុយក្រែន និងការខូចខាតនាវាដែលកំពុងចត។
រដ្ឋមន្ត្រីការពារជាតិ ចក្រភពអង់គ្លេស លោក ហ្គ្រាន់ ស្សាប(Grant Shapps) បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ការបំផ្លាញចុងក្រោយនៃកងទ័ពជើងទឹករបស់លោក Putin បង្ហាញថា អ្នកទាំងឡាយណា ដែលជឿថា មានភាពជាប់គាំងក្នុងសង្គ្រាមអ៊ុយក្រែន គឺខុសហើយ»។
លោកនិយាយថា ពួកគេមិនបានកត់សំគាល់នោះទេថា ក្នុងរយៈពេលជាង ៤ ខែកន្លងទៅនេះ ២០ភាគរយ នៃកងនាវានៅសមុទ្រខ្មៅរបស់រុស្ស៊ីត្រូវបានបំផ្លាញ។