
តម្លៃស្បៀងអាហារដ៏ខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជំរុញឱ្យកសិករទូទាំងពិភពលោកដាំធញ្ញជាតិ និងគ្រាប់រុក្ខជាតិផលិតប្រេងកាន់តែច្រើន ប៉ុន្តែអ្នកប្រើប្រាស់ត្រូវបានកំណត់ឱ្យប្រឈមមុខនឹងការផ្គត់ផ្គង់កាន់តែតឹងរ៉ឹងនៅឆ្នាំ២០២៤ ស្របពេលបាតុភូតអាកាសធាតុធ្ងន់ធ្ងរ អ៊ែលនីញ៉ូ ការរឹតបន្តឹងការនាំចេញ និងតម្រូវការជីវឥន្ធនៈកាន់តែខ្ពស់។
តម្លៃសកលនៃស្រូវសាលី ពោត និងសណ្តែកសៀង បន្ទាប់ពីការកើនឡើងខ្លាំងអស់ជាច្រើនឆ្នាំ នឹងត្រូវប្រឈមមុខនឹងការធ្លាក់ចុះនៅឆ្នាំ២០២៣ លើការបន្ធូរបន្ថយការរាំងស្ទះនៅសមុទ្រខ្មៅ និងការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចសកល ទោះបីជាតម្លៃនៅតែងាយប្រែប្រួលក្នុងការផ្គត់ផ្គង់ និងអតិផរណាស្បៀងអាហារក្នុងឆ្នាំថ្មីក៏ដោយ នេះបើយោងតាមក្រុមអ្នកវិភាគ និង ពាណិជ្ជករ។
បាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ ដែលនាំមកនូវភាពស្ងួតហួតហែងដល់ផ្នែកធំៗនៃអាស៊ីនៅឆ្នាំនេះ ត្រូវបានគេព្យាករណ៍ថានឹងបន្តនៅឆមាសទីមួយនៃឆ្នាំ២០២៤ ដោយបង្កហានិភ័យដល់ការផ្គត់ផ្គង់អង្ករ ស្រូវសាលី ប្រេងដូង និងផលិតផលកសិកម្មផ្សេងទៀតនៅក្នុងវិស័យនាំចេញ និងនាំចូលធំៗមួយចំនួននៃកសិកម្មរបស់ពិភពលោក។
ក្រុមពាណិជ្ជករ និងមន្ត្រីរំពឹងថាផលិតកម្មស្រូវអាស៊ីនៅឆមាសទីមួយនៃឆ្នាំ២០២៤ នឹងធ្លាក់ចុះ ដោយសារលក្ខខណ្ឌស្ងួតហួតហែងក្នុងការដាំដុះ និងអាងស្តុកទឹកមិនគ្រប់គ្រាន់ ដែលទំនងជាកាត់បន្ថយទិន្នផល។ ការផ្គត់ផ្គង់អង្ករពិភពលោកបានរឹតបន្តឹងរួចទៅហើយនៅឆ្នាំនេះ បន្ទាប់ពីបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ បានកាត់បន្ថយការផលិត ដែលជំរុញឱ្យប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញដ៏ធំបំផុតរបស់ពិភពលោក រឹតបន្តឹងការនាំចេញអង្ករ៕