
ពិធីបុណ្យសពទ្រង់ទ្រាយធំមួយ ត្រូវបានរៀបចំឡើងនៅក្នុងប្រទេសប៊ូរុនឌីកាលពីថ្ងៃអង្គារ សម្រាប់ជនរងគ្រោះដោយសារការវាយប្រហាររបស់ក្រុមឧទ្ទាម ។
មនុស្សយ៉ាងហោច ២០នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រសប្តាហ៍មុន ពេលដែលក្រុមខ្មាន់កាំភ្លើងវាយឆ្មក់ភូមិ Vugizo ស្ថិតនៅជិតព្រំដែនសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។
យោងតាមសម្តីរបស់ក្រុមមន្រ្តី បានឲ្យដឹងថា អ្នកដែលត្រូវបានសម្លាប់រួមមានទាំងកុមារ ១២នាក់ ស្រ្តីមានផ្ទៃពោះ ២នាក់ និងមន្រ្តីនគរបាលម្នាក់ ។ មនុស្ស ៩នាក់ផ្សេងទៀត បានរងរបួស ។
ក្រុមឧទ្ទាម Red-Tabara បានប្រកាសទទួលស្គាល់ការវាយឆ្មក់កាលពីថ្ងៃសុក្រ ដោយពួកគេអះអាងនៅលើបណ្តាញព័ត៌មានសង្គម X អតីតបណ្តាញព័ត៌មានសង្គម Twitterថា ពួកគេបានសម្លាប់ទាហាន ៩នាក់ និងមន្រ្តីនគរបាលម្នាក់ ។
ក្រុមឧទ្ទាមប្រដាប់អាវុធមួយនេះ បានធ្វើសង្រ្គាមជាមួយរដ្ឋាភិបាលប៊ូរុនឌី ចេញពីមូលដ្ឋានរបស់ពួកគេនៅតំបន់ភាគខាងកើតកុងហ្គោ ចាប់តាំងពីឆ្នាំ ២០១៥រហូតមក ហើយកាលពីមុនពួកគេធ្លាប់វាយប្រហារអាកាសយានដ្ឋានអន្តរជាតិ នៅទីក្រុង Bujumbura ផងដែរ ។
ពិធីបុណ្យកាលពីថ្ងៃអង្គារនោះដែរ មានការចូលរួមផងដែរពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៊ូរុនឌី ហើយលោកបានសម្តែងមរណទុក្ខដល់អ្នកទាំងអស់ដែលរងផលប៉ះពាល់ដោយសារការវាយប្រហាររបស់ក្រុមឧទ្ទាម ៕