
ផលិតកម្មជាសកលរបស់ក្រុមហ៊ុនយានយន្ត Toyota Motor បានកើនឡើង ១១ភាគរយ នៅក្នុងខែវិច្ឆិកាពោលគឺដល់កម្រិតខ្ពស់បំផុត ដោយបានប្រសើរឡើងវិញពីការរំខាននៃខ្សែច្រវាក់ផ្គត់ផ្គង់ កាលពីឆ្នាំមុន និងទទួលបានផលចំណេញពីតម្រូវការដ៏ខ្លាំងក្លា ទាំងនៅក្នុងប្រទេសជប៉ុន និងនៅក្រៅប្រទេស។
ទិន្នផលសម្រាប់ខែវិច្ឆិកា បានកើនឡើងដល់ ៩២៦.៥៧៣គ្រឿង ខណៈដែលការលក់ នៅទូទាំងពិភពលោក បានកើនឡើង ១៤ភាគរយ ធៀបនឹងឆ្នាំមុន នៅពេលដែលបណ្ដាក្រុមហ៊ុនផលិតរថយន្ត នៅទូទាំងពិភពលោក ត្រូវបានរំខានដោយកង្វះខាតនៃគ្រឿងអេឡិកត្រូនិក។ តួលេខទាំង២ នេះ រួមបញ្ចូលទាំងការលក់រថយន្តម៉ាកប្រណីត Lexus របស់ Toyota ផងដែរ។
ការលក់ក្នុងស្រុកសម្រាប់ខែនេះ បានកើនឡើង ២៧ ភាគរយ ដែលការលក់ទាំងនៅសហរដ្ឋអាមេរិក និងប្រទេសចិន បានកើនឡើង ១៧ភាគរយ ខណៈដែលនៅអឺរ៉ុបកើនឡើង ១៥ភាគរយ។
លទ្ធផលនេះបានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ពិភពលោកមួយនេះស្ថិតលើផ្លូវសម្រាប់ការលក់រថយន្តម៉ាក Toyota និង Lexus ជាង ១០លានគ្រឿងទូទាំងពិភពលោកក្នុងឆ្នាំ២០២៣ នេះ ដែលជាចំនួនខ្ពស់បំផុតផងដែរ។ ប្រហែលមួយភាគបីនៃរថយន្ត ដែលលក់ដាច់ក្នុងឆ្នាំនេះ គឺជារថយន្តហាយប៊្រីដ ដែលប្រើសាំង និងអគ្គិសនី៕