
អ៊ីរ៉ង់បានព្រមានថា អ៊ីស្រាអែលនឹងទទួលបានផលតបស្នងវិញ ចំពោះការសម្លាប់លើមេបញ្ជាការជើងចាស់លោក Seyyed Razi Mousavi របស់អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) នៅក្នុងប្រទេសស៊ីរី។
កាលពីថ្ងៃចន្ទ (ទី២៥ ខែធ្នូ) IRGC បានប្រកាសថា លោក Mousavi ដែលបម្រើការជា «ទីប្រឹក្សាយោធា» ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល នៅរដ្ឋធានី Damascus ប្រទេសស៊ីរី។ IRGC បានសង្កត់ធ្ងន់នៅក្នុងសេចក្ដីប្រកាសថា អ៊ីស្រាអែល «នឹងទទួលបានផលតបស្នងវិញជាមិនខាន សម្រាប់ឧក្រិដ្ឋកម្មនេះ»។
ក្រសួងការពារជាតិអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ (ទី២៦ ខែធ្នូ) ក៏បានប្តេជ្ញាឆ្លើយតបផងដែរ ដោយហៅទង្វើនេះថា ជាឧក្រិដ្ឋកម្មភេរវកម្ម។ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ត្រី Reza Talaei-Nik បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នាទីក្រុងតេអេរ៉ង់ថា៖ «អ៊ីស្រាអែលនឹងទទួលបានផលពីឧក្រិដ្ឋកម្មភេរវកម្មនេះ»។
អ៊ីរ៉ង់និយាយថា ខ្លួនមានតួនាទីប្រឹក្សា នៅស៊ីរី ហើយការមានវត្តមានក្នុងប្រទេសនេះ គឺតាមសំណើរបស់ទីក្រុង Damascus។ អ៊ីស្រាអែលបានកំណត់គោលដៅជាច្រើនឆ្នាំមកហើយនូវអ្វី ដែលខ្លួនហៅថា ទីតាំងដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ នៅស៊ីរី៕