
ការផ្ទុះគ្រាប់ និងផ្សែងខ្មៅ បានផុសនៅតាមតំបន់ព្រំដែនអ៊ីស្រាអែល-លីបង់កាលពីថ្ងៃអង្គារ ពេលដែលក្រុមឧទ្ទាមហេសប៊ូឡា បានផ្ទុះអាវុធជាមួយទាហានអ៊ីស្រាអែល ចាប់តាំងពីសម្ព័ន្ធមិត្តហាម៉ាស់របស់ប៉ាឡេស្ទីន វាយប្រហារតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ធ្វើឲ្យជម្លោះប្រដាប់អាវុធផ្ទុះឡើងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ។
ប្រភពព័ត៌មានពីយោធាលីបង់ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានស៊ូនហួថា សកម្មប្រយុទ្ធហេសប៊ូឡា ២នាក់ និងសមាជិកម្នាក់របស់កងការពារស៊ីវិលលីបង់ ត្រូវបានស្លាប់កាលពីថ្ងៃអង្គារ អំឡុងការប្រឈមដាក់គ្នារវាងក្រុមហេសប៊ូឡា និងកងកម្លាំងអ៊ីស្រាអែលនៅតាមតំបន់ព្រំដែន ។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ជនស៊ីវិល ៥នាក់ បានរងរបួសផងដែរ អំឡុងការប៉ះទង្គិចគ្នានោះ ។
អ៊ីស្រាអែល បានបាញ់កាំភ្លើងធំប្រហែល ២៥០គ្រាប់ លើភូមិព្រំដែន និងទីក្រុង ៣៤កន្លែងរបស់លីបង់ បន្ថែមពីលើការវាយប្រហារតាមច្រកអាកាសលើគោលដៅទីក្រុងភាគខាងត្បូង Nabatieh ដែលមានចម្ងាយប្រហែល ២៥គ.មពីតំបន់ព្រំដែន ។
យោងតាមតួលេខពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា ជនស៊ីវិលស្លាប់ពីការផ្លោងគ្រាប់កាំភ្លើងរបស់អ៊ីស្រាអែលលើតំបន់ភាគខាងត្បូងលីបង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានកើនឡើងដល់ ២០នាក់ រួមទាំងអ្នកសារព័ត៌មាន និងកុមារផងដែរ។
យោងតាមការអះអាងរបស់ក្រុមហេសប៊ូឡា បានឲ្យដឹងថា ពួកគេបានបាត់បង់ក្រុមសកម្មប្រយុទ្ធជាង ១០០នាក់ អំឡុងជម្លោះជាមួយអ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែល បានបាត់បង់ទាហាន ៨នាក់ និងជនស៊ីវិល ៤នាក់ ៕