
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Ihor Klymenko និយាយថា កងកម្លាំងរុស្ស៊ី បានផ្លោងគ្រាប់កាំភ្លើងលើស្ថានីយ៍រថភ្លើងស្ថិតក្នុងទីក្រុង Kherson នៅភាគខាងត្បូងអ៊ុយក្រែនកាលពីថ្ងៃអង្គារ ពេលដែលរថភ្លើងត្រៀមជម្លៀសប្រជាពលរដ្ឋចេញ បណ្តាលឲ្យមន្រ្តីនគរបាលម្នាក់ ស្លាប់ និងមនុស្ស ៤នាក់ផ្សេងទៀត រងរបួស ។
លោក Klymenko បន្តថា ជនស៊ីវិលប្រហែល ១៤០នាក់ បាននៅក្នុងស្ថានីយ៍រថភ្លើងកាលពីល្ងាចថ្ងៃអង្គារ ហើយភ្លាមៗនោះក្រុមនគរបាល បានបញ្ជាឲ្យពួកគេចេញទៅឲ្យឆ្ងាយ ដើម្បីសង្រ្គោះជីវិតរបស់ពួកគេ ។
លោកបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា អរគុណវិធានការច្បាស់លាស់របស់នគរបាល អ្នករាល់គ្នា បានរត់ទៅកន្លែងសុវត្ថិភាពដោយជោគជ័យ ដើម្បីរស់រានពីការផ្លោងគ្រាប់កាំភ្លើងធំពីកងកម្លាំងរុស្ស៊ី ។
លោក Klymenko និយាយទៀតថា សំណាងអាក្រក់នគរបាលម្នាក់មកពីតំបន់ Kirovohrad បានស្លាប់ ដោយសារការផ្លោងគ្រាប់កាំភ្លើងធំនេះ ហើយមន្រ្តីនគរបាល ២នាក់ បានរងរបួសដោយសារអំបែងគ្រាប់ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ៕