
ក្រោយបាត់បង់អាជីពរបស់លោកជាគ្រូបង្រៀនភាសាអង់គ្លេស និងជម្លៀសខ្លួនដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល លោក Tareq al-Nuaimi ដែលជាគ្រូបង្រៀនហ្គាហ្សា បានសម្រេចចិត្តបន្តបង្រៀនភាសាអង់គ្លេសដល់ក្មេងៗនៅក្នុងសាលារៀនជាកន្លែងដែលពួកគេស្វែងរកទីជម្រក ។
នៅសាលារៀនស្ថិតក្នុងទីក្រុង Rafah ដែលមានពលរដ្ឋហ្គាហ្សា និងក្មេងៗរាប់រយនាក់រស់នៅ លោក al-Nuaimi បានមើលឃើញការបំផ្លិចបំផ្លាញ និងការឈឺចាប់ដែលក្មេងៗទទួលរង ហើយលោកបានសម្រេចចិត្តស្រោចស្រង់ស្មារតីសាលារៀនដែលបានក្លាយជាទីជម្រកសម្រាប់អ្នកជម្លៀសខ្លួន តាមរយៈការបង្រៀនភាសាអង់គ្លេសដល់ក្មេងៗ ដែលស្នាក់នៅជាមួយគ្រួសាររបស់ពួកគេ នៅក្នុងសាលារៀន ។
លោក al-Nuaimi ពន្យល់ថា បរិវេនសាលារៀនដែលធ្លាប់ជាកន្លែងតម្រង់ជួររបស់សិស្ស បច្ចុប្បន្នបានប្រែក្លាយជាកន្លែងតម្រង់ជួររង់ចាំទទួលទឹកស្អាត និងស្បៀងអាហារ ។
ក្នុងការព្យាយាមនាំភាពសប្បាយរីករាយតិចតួច និងការអប់រំដល់កុមារជម្លៀសខ្លួន លោក al-Nuaimi បច្ចុប្បន្នបានបង្រៀនភាសាអង់គ្លេសទូទៅដែលក្មេងៗចូលចិត្តរៀនច្រើន ។
នៅក្នុងសំពត់តង់តូចមួយនៅបរិវេនសាលារៀន ក្មេងស្រី Islam Aziz វ័យ ១០ឆ្នាំ បានបង្ហាញអារម្មណ៍ឈឺចាប់របស់នាង ។
នាងនិយាយថា ខ្ញុំមិននឹកស្មានទាល់តែសោះថាសង្រ្គាមក្លាយជាបែបហ្នឹងទាល់តែសោះ កន្លែងដែលពួកយើងធ្លាប់ទៅរៀន ប្រែទៅជាកន្លែងទីជម្រក ។
ក្មេងស្រី Aziz និយាយទៀតថា ពួកយើងធ្លាប់តែទៅសាលាដើម្បីរៀន តែឥឡូវពួកយើងទៅសាលាដើម្បីឈរតម្រង់ជួររង់ចាំទទួលទឹកស្អាត និងស្បៀងអាហារ ។ នាងថា ពួកយើងមានសិទ្ធិទទួលបានការអប់រំដូចក្មេងៗឯទៀតទាំងអស់នៅលើពិភពលោក ៕