
នៅថ្ងៃពុធនេះ នគរបាលឥណ្ឌូនេស៊ី បានបង្ហាញជនជាតិបង់ក្លាដែសម្នាក់ និងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងម្នាក់ ដែលសង្ស័យថាបានរត់ពន្ធជនភៀសខ្លួនមកកាន់ខេត្តភាគខាងលិចអាឆេ របស់ប្រទេសឥណ្ឌូនេស៊ី ។
នគរបាលនិយាយថា ជនសង្ស័យ ២នាក់ គឺជាអ្នកបើកទូកទទួលខុសត្រូវសម្រាប់ការរត់ពន្ធជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងហោច ៤០០នាក់កាលពីដើមខែធ្នូរនេះ ចេញពីជំរំជនភៀសខ្លួននៅក្នុងប្រទេសបង់ក្លាដែស ហើយត្រូវបានចាប់ខ្លួន រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទូករបស់ពួកគេចូលចតនៅតំបន់ឆ្នេរប្រទេសឥណ្ឌូនេស៊ី ។
លោក Fadillah Aditya Pratama គឺជាមន្រ្តីនគរបាលខេត្តអាឆេ និយាយថា ពួកយើងអាចបញ្ជាក់បានថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាង ពុំត្រូវបានជាប់ខ្លួននោះទេ ប៉ុន្តែពួកគេត្រូវបានគេមានចេតនារត់ពន្ធចេញពីប្រទេសបង់ក្លាដែសមកកាន់ប្រទេសឥណ្ឌូនេស៊ី ហើយនេះគឺជាបទឧក្រិដ្ឋដែលពួកយើងបានរកឃើញ ។
លោកបន្តថា ពេលដែលពួកយើងប្រមូលព័ត៌មានពីជនសង្ស័យលើកមុនដែលពួកយើងចាប់ខ្លួនបាន ក្រុមជនសង្ស័យទទួលបានប្រាក់ ៦៣៦ដុល្លារ បើសិនជាពួកគេអាចនាំជនជាតិរ៉ូហ៊ីងយ៉ាងពីប្រទេសបង់ក្លាដែស មកកាន់ប្រទេសឥណ្ឌូនេស៊ីបាន ។
យោងតាមទិន្នន័យពីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) បានឲ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ាងជាង ១.២០០នាក់ បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីខែវិច្ឆិការហូតមក ។
ជនមូស្លីមរ៉ូហ៊ីងយ៉ាង បានជួបអរិភាព និងការបដិសេធន៍នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាកន្លែងសហគមន៍ក្នុងស្រុកនិយាយថា ពួកគេធុញទ្រាន់ការកើនឡើងចំនួនទូកដឹកជនជាតិភាគតិចមួយនេះ មកកាន់តំបន់ឆ្នេររបស់ពួកគេ ៕