
ក្រសួងការបរទេសចិនបានឲ្យដឹងថា ខ្លួនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Kharon ជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលបង្កើតឡើងដោយអតីតមន្ត្រីក្រសួងរតនាគារ ដែលផ្តល់ទិន្នន័យដល់បណ្ដាក្រុមហ៊ុន ជុំវិញការចោទប្រកាន់ពីការធ្វើការដោយបង្ខំ នៅតំបន់ Xinjiang (ស៊ីនជាំង) ដើម្បីជួយឲ្យក្រុមហ៊ុនទាំងនោះស្របតាមច្បាប់របស់សហរដ្ឋអាមេរិក។
កាលពីថ្ងៃអង្គារ (ទី២៦ ខែធ្នូ) ក្រសួងការបរទេសបានប្រាប់ថា ខ្លួននឹងចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុន Kharon និងនាយកស៊ើបអង្កេតរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងការផ្តល់ «ភស្តុតាងចោទប្រកាន់ ដែលនាំឲ្យមានទណ្ឌកម្មខុសច្បាប់ពីសំណាក់សហរដ្ឋអាមេរិក ទាក់ទងនឹងតំបន់ស៊ីនជាំង»។
ជាការឆ្លើយតប ក្រុមហ៊ុន Kharon ដែលមានមូលដ្ឋាននៅទីក្រុង Los-Angeles សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនមិនមានវត្តមាននៅក្នុងប្រទេសចិនទេ ដូច្នេះសកម្មភាពនេះ គឺ «ជានិមិត្តរូបដោយទូទៅ» ហើយនឹងមិនប៉ះពាល់ដល់ប្រតិបត្តិការ ឬលទ្ធភាពផ្ដល់សេវាកម្មដល់អតិថិជនរបស់ខ្លួនឡើយ។
ក្រុមហ៊ុនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «នៅក្នុងសេវាកម្មនៃអតិថិជនរបស់យើង និងគ្រប់ក្រុមហ៊ុនទូទាំងសកលលោកទាំងអស់ ដែលស្វែងរកការអនុវត្តកម្មវិធីគ្រប់គ្រងហានិភ័យឈានមុខគេ ក្រុមហ៊ុន Kharon នឹងបន្តផ្តល់នូវការស្រាវជ្រាវ និងការវិភាគទិន្នន័យ ដែលមានភាពពិតប្រាកដ ឯករាជ្យ និងផ្អែកលើប្រភព ដែលអាចទុកចិត្តបាន»។
អតីតអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌល ដើម្បីការសិក្សាការពារកម្រិតខ្ពស់ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏នឹងត្រូវទទួលរងនូវទណ្ឌកម្មនេះផងដែរ។ ក្រសួងបានលើកឡើងថា បុគ្គលដែលរងផលប៉ះពាល់នឹងត្រូវបានហាមឃាត់មិនឲ្យចូលទៅក្នុងប្រទេសចិន ក្នុងរួមទាំងក្រុងហុងកុង និងម៉ាកាវផងដែរ ហើយទ្រព្យសម្បត្តិក្រុមហ៊ុន Kharon នៅប្រទេសចិន នឹងត្រូវបង្កក។
មន្ត្រីសហរដ្ឋអាមេរិក និយាយថា ពួកគេជឿថា អាជ្ញាធរចិន បានបង្កើតជំរុំការងារ សម្រាប់ជនជាតិអ៊ុយហ្គ័រ (Uyghur) និងក្រុមជនជាតិភាគតិចមូស្លីមផ្សេងទៀត នៅតំបន់ស៊ីមជាំង។ តែទីក្រុងប៉េកាំងបដិសេធរាល់ការរំលោភបំពានណាមួយ៕