
ក្រុមយោធា ក្រុមនគរបាល និងក្រុមសង្រ្គោះបន្ទាន់កូរ៉េខាងត្បូងជាង ១ពាន់នាក់ បានចូលរួមសមយុទ្ធការពារដ៏កម្រមួយនៅថ្ងៃពុធនេះ ដែលបានធ្វើតេស្តការវាយប្រហាររបស់កូរ៉េខាងជើងលើទីក្រុងសេអ៊ូល ជាការទប់ទល់ការព្រួយបារម្ភថាទីក្រុងមួយនេះ ស្ថិតនៅក្នុងចម្ងាយវាយប្រហាររបស់អាវុធទីក្រុងព្យុងយ៉ាង និងការវាយប្រហារសម្ងាត់ដ៏គួរភ្ញាក់ផ្អើលរបស់ពួកគេ ។
សមយុទ្ធនេះដែរ បានកើតមាន ស្របពេលដែលភាពតានតឹងឡើងកម្តៅ ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរជាតិទ្វីប ICBM ហើយនិងបាញ់បង្ហោះផ្កាយរណបចារកម្មយោធាលើកដំបូងរបស់ខ្លួន ។
លោក Oh Se-hoon គឺជាអភិបាលក្រុងសេអ៊ូល និយាយថា មាននូវមេរៀនធំសម្រាប់ពួកយើង ពេលដែលប្រព័ន្ធការពារដ៏ទំនើបលំដាប់ថ្នាក់ពិភពលោករបស់អ៊ីស្រាអែល មិនអាចជួយទប់ទល់ការវាយប្រហារដ៏គួរភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស់ដែលប្រដាប់ដោយកាំភ្លើងធំធម្មតា និងមធ្យោបាយកម្រិតទាប ។
លោកបន្តថា ការវាយឆ្មក់ឆ្លងកាត់ព្រំដែនរបស់ក្រុមជីវពលមួយនេះ កាលពីថ្ងៃទី ៧ ខែតុលាមកលើទីក្រុងភាគខាងត្បូងរបស់អ៊ីស្រាអែលដែលបានសម្លាប់មនុស្សជាង ១.២០០នាក់ក្នុងពេលតែមួយ បង្ហាញយ៉ាងច្បាស់ថា សមត្ថភាពយោធាខ្លាំង មិនប្រាកដថាមានន័យច្រើននោះទេ បើសិនជាសត្រូវបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលនោះ ។
សមយុទ្ធនៅថ្ងៃពុធនេះដែរ បានធ្វើតេស្តការវាយប្រហារលើទីតាំងផ្គត់ផ្គង់ទឹកសំខាន់ៗ ស្ថានីយ៍បណ្តាញទូរស័ព្ទ ហើយនិងទំនាក់ទំនងក្រោមដី និងច្រករបៀងខ្សែថាមពល ៕