
រដ្ឋមន្ត្រីដឹកជញ្ជូនបារាំងលោក Clement Beaune បាននិយាយកាលពីថ្ងៃទី២៦ ខែធ្នូថា ប្រទេសបារាំងបានបញ្ជូននាវាទីពីររបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយប្រទេសដែលហែកហួរដោយសង្រ្គាមនេះ ជាមួយនឹងការនាំចេញគ្រាប់ធញ្ញជាតិ។
លោក Beaune បាននិយាយនៅលើបណ្តាញសង្គម X ដែលជាអតីត Twitter ថា៖«ការប្តេជ្ញាចិត្តរបស់យើង គឺទាំងស្រុង សាមគ្គីភាពរបស់យើង នឹងមិនបញ្ឈប់ទេ»។
លោកបានបន្ថែមថា នាវាបានចាកចេញពីកំពង់ផែ Dunkirk ភាគខាងជើងប្រទេសបារាំង ដើម្បីផ្គត់ផ្គង់អាហារឲ្យពិភពលោកកាន់តែប្រសើរឡើង។
ចាប់តាំងពីរុស្ស៊ី បានដកខ្លួនចេញពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ កាលពីខែកក្កដាមក អ៊ុយក្រែន បាននិងកំពុងប្រើប្រាស់ច្រករបៀងបណ្តោះអាសន្ន ដើម្បីនាំចេញផលិតផលអាហាររបស់ខ្លួន។
ច្រករបៀងបណ្តោះអាសន្ន ត្រូវបានបើក នៅក្នុងខែសីហា ហើយចាប់តាំងពីពេលនោះមក បានឃើញនាវាចំនួន ៣៨គ្រឿង ចូលកំពង់ផែរបស់អ៊ុយក្រែន និងជាង ៣០គ្រឿងចាកចេញ។ នាវាភាគច្រើន កំពុងដឹកជញ្ជូនគ្រាប់ធញ្ញជាតិទៅកាន់អឺរ៉ុប និងអាហ្វ្រិក។