
ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ នៅថ្ងៃពុធ (ទី២៧ ខែធ្នូ) នេះ បានរាយការណ៍ថា អ្នកនយោបាយជើងចាស់អាល្លឺម៉ង់ លោក Wolfgang Schaeuble ដែលបានបម្រើការជាសមាជិកសភាសហព័ន្ធ Bundestag អស់រយៈពេលជាងកន្លះសតវត្សរ៍នោះ បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨១ឆ្នាំ។
ទីភ្នាក់ងារព័ត៌មាន DPA បានរាយការណ៍ថា លោក Schaeuble ដែលបានចំណាយពេលដោយភាគច្រើននៃអាជីពការងាររបស់លោក គឺបូជាជួយដល់ការបង្រួបបង្រួមប្រទេសរបស់លោក ហើយក្រោយមកបានបម្រើការជារដ្ឋមន្ត្រីហិរញ្ញវត្ថុដ៏ប៉ិនប្រសព្វ ក្រោមការដឹកនាំរបស់អតីតអធិការបតីលោកស្រី Angela Merkel ក្នុងអំឡុងពេលមានវិបត្តិបំណុល នៅតំបន់ចាយប្រាក់អឺរ៉ូ បានស្លាប់ដោយជរាពាធ កាលពីល្ងាចថ្ងៃអង្គារ (ទី២៦ ខែធ្នូ)។
លោក Schaeuble គឺជាសមាជិកនៃគណបក្សប្រជាធិបតេយ្យគ្រិស្តសាសនាកណ្តាលស្តាំនិយមរបស់លោកស្រី Merkel ចាប់តាំងពីឆ្នាំ១៩៦៥ ហើយបានក្លាយជាសមាជិកសភា នៅឆ្នាំ១៩៧២ ដែលធ្វើឲ្យលោកក្លាយជាអ្នកនយោបាយ ដែលបម្រើការយូរបំផុតរបស់ប្រទេសអាល្លឺម៉ង់។ លោកត្រូវនៅលើរទេះរុញតាំងពីឆ្នាំ១៩៩០ មកម៉្លេះ នៅពេលដែលគ្រាប់កាំភ្លើងរបស់ខ្មាន់កាំភ្លើងសតិមិនគ្រប់ម្នាក់ បានធ្វើឲ្យលោកពិការ និងស្ទើរតែផ្ដាច់ជីវិតរបស់លោក៕