ប្រណាំងរថយន្ត៖ កីឡាករហូឡង់ Max Verstappen បានប្រជែងឈ្នះការប្រកួតប្រណាំង F1 នៅទឹកដីបារាំង ក្រោយប្រជែងស្វិតស្វាញជាមួយ Lewis Hamilton នៅពីរជុំចុងក្រោយ។

Max Verstappen និង Red Bull បានប្រើប្រាស់យុទ្ធសាស្ត្រចូល Pit Stop ច្រើនដងដើម្បីផ្លាស់ប្តូរកង់ មានន័យថា រថយន្តរបស់ Verstappen មានសំណឹកកង់តិចជាង Hamilton ហើយយុទ្ធសាស្ត្រនេះក៏បានសំរេចនៅពីរជុំចុងក្រោយ នៅពេលកីឡាករហូឡង់រូបនេះវ៉ាជែងជើងឯកពិភពលោក ៧សម័យបានសំរេច។ យុទ្ធសាស្ត្រនេះក្រុមប្រណាំង Mercedes និង Hamilton ក៏ធ្លាប់ធ្វើជាច្រើនដងដែរដើម្បីយកឈ្នះក្រុម Red Bull។ ជ័យជំនះនេះបានធ្វើអោយ Max Verstappen ពន្លាតពិន្ទុនាំមុខក្នុងតារាងជើងឯកពិភពលោក ដោយមានសរុប ១៣១ពិន្ទុដាច់ Lewis Hamilton ១២ពិន្ទុ។
ចំណែកកីឡាករម៉ិកស៊ិករបស់ក្រុម Red Bull, Sergio Perez បានបញ្ចប់ការប្រកួតនៅទឹកដីបារាំងនេះចំណាត់ថ្នាក់លេខ៣ និងឡើងមកឈរលេខ ៣ផងដែរក្នុងតារាងជើងឯកពិភពលោកមានសរុប ៨៤ពិន្ទុ។ បន្ទាប់ពីប្រទេសបារាំងនេះ F1 នឹងបន្តដំណើរទៅទឹកដីអូទ្រីស ២សប្តាហ៍ជាប់គ្នាលើទីលានតែមួយគឺនៅថ្ងៃទី២៧ ខែមិថុនា និងថ្ងៃទី៤ ខែកក្កដា៕
អត្ថបទ៖នាង សុភាវុធ