
នៅថ្ងៃពុធនេះ រុស្ស៊ី និយាយប្រាប់កូរ៉េខាងត្បូងថា ពួកគេមិនត្រូវភ្ញាក់ផ្អើលនោះឡើយ បើសិនជាទីក្រុងម៉ូស្គូ សងសឹកទីក្រុងសេអ៊ូលសម្រាប់ការបង្កើនបញ្ជីទំនិញដែលមិនអាចនាំចេញពីប្រទេសនៅអាស៊ីខាងកើតមួយនេះ ទៅកាន់រុស្ស៊ី បើគ្មានការអនុញ្ញាតពិសេសទេនោះ ។
ទីក្រុងសេអ៊ូល និយាយនៅក្នុងសប្តាហ៍នេះថា ពួកគេនឹងបន្ថែមទំនិញជាង ៦០០ប្រភេទ ដែលត្រូវបានប្រើប្រាស់ខ្លាំងសម្រាប់គោលបំណងយោធាចូលទៅក្នុងបញ្ជីគ្រប់គ្រងការនាំចេញរបស់ពួកគេទៅកាន់រុស្ស៊ី ។ បញ្ជីនេះ រួមទាំងសម្ភារៈសំណង់ធន់ធ្ងន់ អាគុយសាកបាន សមាសធាតុអាកាសចរណ៍ និងរថយន្តមួយចំនួនផងដែរ ។
អ្នកស្រី Maria Zakharova គឺជាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី និយាយប្រាប់សន្និសីទសារព័ត៌មាននាថ្ងៃពុធនេះថា នេះគឺជាចំណាត់ការគ្មានមេត្រីភាព ធ្វើឡើងតាមការបង្គាប់បញ្ជាពីទីក្រុងវ៉ាស៊ីងតោន ។
អ្នកស្រីបន្តទៀតថា វានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងឧស្សាហកម្មខ្លួនឯងរបស់កូរ៉េខាងត្បូង ៕