
ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន នៅថ្ងៃពុធ (ទី២៧ ខែធ្នូ) នេះ បានជំរុញឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការជ្រៀតជ្រែក ក្នុងការបោះឆ្នោតតំបន់របស់កោះតៃវ៉ាន់ និងគោរពយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តនយោបាយរបស់ខ្លួន ចំពោះប្រទេសចិនលើបញ្ហាកោះតៃវ៉ាន់។
ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីសប្តាហ៍មុន បានចុះហត្ថលេខាឲ្យចូលជាធរមាននូវសេចក្ដីព្រាងច្បាប់គោលនយោបាយការពារជាតិរបស់សហរដ្ឋអាមេរិក ដែលផ្តល់ឲ្យនូវទឹកប្រាក់ខ្ពស់បំផុតចំនួន ៨៨៦ពាន់លានដុល្លារ សម្រាប់លើការចំណាយយោធាប្រចាំឆ្នាំ និងគោលនយោបាយផ្សេងៗ ដូចជាជំនួយសម្រាប់ប្រទេសអ៊ុយក្រែន និងការទប់ទល់ប្រឆាំងនឹងប្រទេសចិន នៅឥណ្ឌូ-ប៉ាស៊ីហ្វិក។
ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ដែលតែងធ្វើជាប្រចាំ នៅទីក្រុងប៉េកាំង លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន ក៏បានអរគុណដល់ក្រុមហ៊ុនកោះតៃវ៉ាន់ ដែលបានបរិច្ចាគទឹកប្រាក់ជាង ៣០លានយ័ន (៥,៦លានដុល្លារ) បន្ទាប់ពីគ្រោះរញ្ជួយដី បានវាយប្រហារប្រទេសចិន កាលពីមួយសប្តាហ៍មុន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៩នាក់។
លោក Chen បាននិយាយថា ការបរិច្ចាគនេះបង្ហាញថា «កាត់ទឹកមិនដាច់កាត់សាច់មិនបាន» ហើយថា សេចក្ដីស្រឡាញ់ រវាងជនរួមជាតិដែលចេះជួយគ្នាទៅវិញទៅមក គឺមិនអាចបំបែកបាននោះឡើយ»។
ប្រទេសចិនបានអះអាងថា កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ជាទឹកដីរបស់ខ្លួន ហើយចាត់ទុកកោះនេះជាខេត្តផ្ដាច់ខ្លួន៕