ក្រុមអាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤០ នាក់ទៀតបានស្លាប់នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់កាលពីថ្ងៃអង្គារ បង្កឲ្យមានទឹកជំនន់ និងបំណាក់ដី ធ្ងន់ធ្ងរ ដែលបានធ្វើឱ្យក្រុមអ្នកស្រុកជីកកកកាយដីល្បប់ដើម្បីស្វែងរកសាកសព។

សារព័ត៌មាន Reuters បាននិយាយថា កាលពីថ្ងៃពុធ នៅក្នុងទីក្រុងប៊ូកាវ៉ូ (Bukavu) បុរសមួយក្រុមបានទាញរថយន្តចេញពីល្បប់ ដើម្បីទាញយកសាកសពនារីម្នាក់ចេញពីក្រោមរថយន្តនោះ។
យោងតាមមន្រ្តីនៅកន្លែងកើតហេតុទាំងពីរ មនុស្សយ៉ាងហោចណាស់នាក់ នាក់បានស្លាប់នៅក្នុងទីក្រុងប៊ូកាវ៉ូ ហើយមនុស្សយ៉ាងហោចណាស់ ២០ នាក់ទៀតត្រូវបានសម្លាប់នៅក្នុងភូមិប៊ូរីនអ៊ី (Burinyi) ចម្ងាយ ៥០ គីឡូម៉ែត្រពី ទីក្រុង ប៊ូកាវ៉ូ (Bukavu)។

មន្ត្រីក្រុងប៊ូកាវ៉ូ លោក អេម៉ានូអែល ម៉ាជីវ៉ូណូ កាលីមបា (Emmanuel Majivuno Kalimba) បានប្រាប់សារព័ត៌មាន Reuters នៅកន្លែងកើតហេតុថា នៅពេលមានភ្លៀងធ្លាក់ ផ្លូវទឹកសំខាន់ត្រូវបានស្ទះ ពេលខ្លះដោយសារតែកាកសំណល់ ដូច្នេះទើបបណ្ដាលឲ្យទឹកជន់លិច ហើយបានបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើនរបស់ប្រជាពលរដ្ឋ។

ការបំផ្លិចបំផ្លាញពេញមួយយប់បន្ទាប់ពីការស្លាប់មនុស្សយ៉ាងហោចណាស់ ២២នាក់នៅក្នុងខេត្ត កាសៃ សែនត្រល(Kasai-Central)កាលពីថ្ងៃអង្គារ នៅពេលបំណាក់ដីបានបាក់ធ្លាក់គ្របសង្កត់ លំនៅឋាន ព្រះវិហារ និងផ្លូវថ្នល់ ជាច្រើន ដោយបានសម្លាប់មនុស្សមួយគ្រួសារទាំងមូល និងធ្វើឱ្យមនុស្សជាច្រើនទៀត គ្មានផ្ទះសម្បែង៕