ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់១០ នាក់បានស្លាប់បន្ទាប់ពីព្យុះភ្លៀងដ៏ធ្ងន់ធ្ងរ ដែលបានវាយប្រហារប្រទេសអូស្ត្រាលីក្នុងឱកាសបុណ្យណូអែល និងថ្ងៃទិវា Boxing Day ខណៈមនុស្ស ៦នាក់បានស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសថៃផងដែរ។

សារព័ត៌មាន ABC ដែលមានមូលដ្ឋាននៅទីក្រុង កងបេរ៉ា (Canberra ) បានរាយការណ៍ថា សាកសពមនុស្សទី ១០ ត្រូវបានរកឃើញនៅតំបន់ ហ្គីបស្លែន (Gippsland) ភាគខាងកើតខេត្ត វីកតូរីយ៉ា (Victoria) របស់ប្រទេសអូស្ត្រាលី កាលពីថ្ងៃពុធ។

ខេត្តឃ្វីនលែន (Queensland) វីកតូរីយ៉ា (Victoria) និង ខេត្ត ញូវស៍ សោតវេលស៍ (News South Wales) ត្រូវបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយព្យុះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលបណ្តាលឱ្យមានទឹកជំនន់ដ៏គំហុកផងដែរ។

ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរ ក៏បានប៉ះពាល់ដល់ប្រជាជន និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅផងដែរក្នុងប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ក្នុងនោះមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ខ្លួន ទៅកាន់កន្លែងមានសុវត្ថិភាព។
នៅក្នុងប្រទេសថៃ មនុស្សយ៉ាងហោចណាស់ ៦នាក់បានស្លាប់នៅក្នុងទឹកជំនន់ ដែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដល់ខេត្តចំនួន៥ ប៉ះពាល់ដល់ ប្រជាពលរដ្ឋប្រហែល ៧០.០០០ គ្រួសារ ។ សារព័ត៌មាន Bangkok Post បានរាយការណ៍ថា មនុស្សម្នាក់នៅតែបាត់ខ្លួននៅឡើយ។ទោះជាយ៉ាងណាក៏ដោយ កម្រិតទឹកជំនន់កំពុងស្រកចុះបណ្ដើរៗ។
នៅប្រទេសជិតខាងម៉ាឡេស៊ី ភ្លៀងធ្លាក់ខ្លាំង បានឆក់យកជីវិតមនុស្សម្នាក់ និងបានប៉ះពាល់ដល់មនុស្សជាង ៤០.០០០នាក់ នាក់នៅទូទាំងប្រទេស។ សារព័ត៌មាន Free Malaysia Today ដែលមានមូលដ្ឋាននៅទីក្រុងគូឡាឡាំពួរ បានរាយការណ៍ថា ធនាគារម៉ាឡេស៊ីបាននិយាយថា ពួកគេនឹងផ្តល់ជំនួយហិរញ្ញវត្ថុ រួមទាំងការសងប្រាក់កម្ចី និងការលើកលែងការបង់ការប្រាក់ធនាគារ ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងគ្រោះមហន្តរាយធម្មជាតិនេះ៕