វាយកូនគោល៖ កីឡាករវាយកូនគោលអេស្ប៉ាញ Jon Rahm បានក្លាយជាជើងឯកការប្រកួតកម្មវិធីធំលើកដំបូងក្នុងអាជីព ក្រោយឈ្នះជើងឯកការប្រកួត US Open នៅសហរដ្ឋអាមេរិក។

កីឡាករវ័យ ២៦ឆ្នាំរូបនេះបានស្រែកទៅកាន់ផ្ទាំងរូបអ្នកគាំទ្រមួយទំហឹង ក្រោយការវាយបញ្ចូលឡូទី ១៨ ដែលធ្វើអោយរូបគេមាន ៦អាន់ឌើផានាំមុខកីឡាករអាហ្វ្រិកខាងត្បូង Louis Oosthuizen ១ស្ត្រូក។ Oosthuizen ដែលនៅមាន ៤ឡូទៀតត្រូវបញ្ចប់នោះធ្វើមិនបានល្អឡើយ ខណៈការប្រកួតថ្ងៃចុងក្រោយរបស់គេបានត្រឹម Level Par និងសរុប ៥អាន់ឌើផាចាញ់ Jon Rahm ១ស្ត្រូក។ លេខ៣ ក្នុងការប្រកួតនេះបានទៅកីឡាករអាមេរិក Harris English ដែលធ្វើបានថ្ងៃចុងក្រោយ ៣អាន់ឌើផា និងសរុបរួម ៣អាន់ឌើផានេះ។
Jon Rahm ក្រោយឈ្នះការប្រកួត US Open នេះបានឧទ្ទិសជ័យជំនះរបស់ខ្លួនទៅកាន់វិរៈបុរសវាយកូនគោលអេស្ប៉ាញ Seve Ballesteros ដែលបានស្លាប់កាលពីដប់ឆ្នាំមុនក្នុងវ័យ ៥៤៕
អត្ថបទ៖នាង សុភាវុធ