ក្រុមអាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤០ នាក់ទៀតបានស្លាប់នៅភាគខាងកើត នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់កាលពីថ្ងៃអង្គារ បង្កឲ្យមានទឹកជំនន់ និងបំណាក់ដី ធ្ងន់ធ្ងរ ដែលបានធ្វើឱ្យក្រុមអ្នកស្រុកជីកកកាយដីល្បប់ដើម្បីស្វែងរកសាកសព។

សារព័ត៌មាន Reuters បាននិយាយថា កាលពីថ្ងៃពុធ នៅក្នុងទីក្រុងប៊ូកាវ៉ូ (Bukavu) បុរសមួយក្រុមបានទាញរថយន្តចេញពីល្បប់ ដើម្បីទាញយកសាកសពនារីម្នាក់ចេញពីក្រោមរថយន្តនោះ។
យោងតាមមន្រ្តីនៅកន្លែងកើតហេតុទាំងពីរ មនុស្សយ៉ាងហោចណាស់២០នាក់បានស្លាប់នៅក្នុងទីក្រុងប៊ូកាវ៉ូ ហើយមនុស្សយ៉ាងហោចណាស់ ២០ នាក់ទៀតត្រូវបានសម្លាប់នៅក្នុងភូមិប៊ូរីនអ៊ី (Burinyi) ចម្ងាយ ៥០ គីឡូម៉ែត្រពី ទីក្រុង ប៊ូកាវ៉ូ (Bukavu)។
មន្ត្រីក្រុងប៊ូកាវ៉ូ លោក អេម៉ានូអែល ម៉ាជីវ៉ូណូ កាលីមបា (Emmanuel Majivuno Kalimba) បានប្រាប់សារព័ត៌មាន Reuters នៅកន្លែងកើតហេតុថា នៅពេលមានភ្លៀងធ្លាក់ ផ្លូវទឹកសំខាន់ត្រូវបានស្ទះ ពេលខ្លះដោយសារតែកាកសំណល់ ដូច្នេះទើបបណ្ដាលឲ្យទឹកជន់លិច ហើយបានបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើនរបស់ប្រជាពលរដ្ឋ។

ការបំផ្លិចបំផ្លាញពេញមួយយប់បន្ទាប់ពីការស្លាប់មនុស្សយ៉ាងហោចណាស់ ២២នាក់នៅក្នុងខេត្ត កាសៃ សែនត្រល(Kasai-Central)កាលពីថ្ងៃអង្គារ នៅពេលបំណាក់ដីបានបាក់ធ្លាក់គ្របសង្កត់ លំនៅឋាន ព្រះវិហារ និងផ្លូវថ្នល់ ជាច្រើន ដោយបានសម្លាប់មនុស្សមួយគ្រួសារទាំងមូល និងធ្វើឱ្យមនុស្សជាច្រើនទៀត គ្មានផ្ទះសម្បែង៕
