ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៨ ធ្នូ) នេះថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធា ឧស្សាហកម្មសព្វាវុធ និងវិស័យអាវុធនុយក្លេអ៊ែររបស់ខ្លួនឲ្យពន្លឿនការរៀបចំខ្លួនធ្វើសង្រ្គាមដើម្បីទប់ទល់នឹងអ្វីដែលលោកហៅថាការប្រឈមមុខដាក់គ្នាដែលមិនធ្លាប់មានពីមុនមកដោយសហរដ្ឋអាមេរិក។

ដោយថ្លែងអំពីទិសដៅគោលនយោបាយសម្រាប់ឆ្នាំថ្មីនៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយរបស់គណបក្សកាន់អំណាចរបស់ប្រទេសឯកោមួយនេះកាលពីថ្ងៃពុធ លោក គីម ក៏បាននិយាយផងដែរថា ទីក្រុងព្យុងយ៉ាង នឹងពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយបណ្តាប្រទេស «ឯករាជ្យប្រឆាំងនឹងចក្រពត្តិនិយម» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍។

ប្រព័ន្ធផ្សព្វផ្សាយនេះបាននិយាយថា «លោកគីម បានដាក់ចេញនូវភារកិច្ចសកម្មប្រយុទ្ធសម្រាប់កងទ័ពប្រជាជន និងឧស្សាហកម្មសព្វាវុធ អាវុធនុយក្លេអ៊ែរ និងផ្នែកការពារស៊ីវិល ដើម្បីពន្លឿនការត្រៀមរៀបចំខ្លួនធ្វើសង្រ្គាមបន្ថែមទៀត»។

កូរ៉េខាងជើង បាននិងកំពុងពង្រីកទំនាក់ទំនងជាមួយរុស្ស៊ី ក្នុងចំណោមប្រទេសដទៃទៀត ខណៈដែលក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ក្រុងព្យុងយ៉ាង ថាបានផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ដល់ទីក្រុងមូស្គូ សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ខណៈដែលរុស្ស៊ី ផ្តល់ជំនួយបច្ចេកទេសដើម្បីជួយកូរ៉េខាងជើង បង្កើនសមត្ថភាពយោធារបស់ខ្លួន៕