ប្រធានាធិបតីទួរគី លោក ថាយីប អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយកាលពីថ្ងៃពុធ (២៧ ធ្នូ) ថានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) មិនខុសពីមេដឹកនាំបក្សកុម្មុយនីស្តណាហ្ស៊ីអាល្លឺម៉ង់ លោក អាដូហ្វ ហ៊ីត្លែរ (Adolf Hitler) នោះទេហើយបានប្រដូចការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ទៅនឹងការប្រព្រឹត្តអំពើសម្លាប់រង្គាលចំពោះជនជាតិជ្វីហ្វដោយពួកណាហ្ស៊ី។

ដោយបន្ថែមវោហាសាស្ត្ររិះគន់របស់ខ្លួន លោក Erdogan បាននិយាយថា ប្រទេសទួរគី នឹងស្វាគមន៍ក្រុមអ្នកអប់រំ និងអ្នកវិទ្យាសាស្ត្រដែលប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញចំពោះទស្សនៈរបស់ពួកគេលើជម្លោះនៅតំបន់ហ្កាហ្សា ដោយបន្ថែមថាបណ្ដាប្រទេសលោកខាងលិចដែលគាំទ្រអ៊ីស្រាអែល ជាប់ពាក់ព័ន្ធនៅក្នុងអ្វីដែលលោកហៅថាឧក្រិដ្ឋកម្មសង្គ្រាម។

លោក អឺដូហ្កាន់ បាននិយាយថា «ពួកគេទាំងនោះធ្លាប់និយាយអាក្រក់អំពីហ៊ីត្លែរ ប៉ុន្តែតើគេមានអ្វីខុសប្លែកពីលោកហ៊ីត្លែរ? អ្វីដែលលោក ណេតាន់យ៉ាហ៊ូ កំពុងធ្វើមិនខុសពីអ្វីដែលហ៊ីត្លែរបានធ្វើទេ។ លោក ណេតាន់យ៉ាហ៊ូ ទទួលបានការគាំទ្រពីលោកខាងលិច ហើយជាមួយការគាំទ្រទាំងអស់នោះពួកគេបានសម្លាប់ពលរដ្ឋហ្កាហ្សាជាង ២ម៉ឺននាក់»។

លោក ណេតាន់យ៉ាហ៊ូ បានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «លោក Erdogan ដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិឃឺដ និងបានបង្កើតកំណត់ត្រាពិភពលោកសម្រាប់ការចាប់អ្នកសារព័ត៌មានដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន គ្មានសិទ្ធិប្រៀនប្រដៅយើងនោះទេ»។
សមាជិកណាតូទួរគី ដែលគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនមួយនេះ បានរិះគន់ការវាយលុកតាមផ្លូវអាកាសនិងជើងគោករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ដោយហៅអ៊ីស្រាអែលថាជា «រដ្ឋភេរវករ» ហើយបាននិយាយថាមេដឹកនាំរបស់រដ្ឋនេះ ត្រូវតែត្រូវបានកាត់ទោសនៅក្នុងតុលាការអន្តរជាតិ៕