ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយកាលពីថ្ងៃពុធថាប្រជាជនប៉ាឡេស្ទីនសរុបចំនួន ២១.១១០ នាក់បានស្លាប់ និង៥៥.២៤៣នាក់ បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពី ក្រុមហាម៉ាស បានវាយសម្រុកចូលក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូងសម្លាប់មនុស្សជាង១ពាន់នាក់ កាលពីថ្ងៃទី ៧ខែតុលា មក ។

ក្រសួងនេះ បានបន្ថែមថា តួលេខនេះរួមមានជនជាតិប៉ាឡេស្ទីន ១៩៥ នាក់បានស្លាប់ និង ៣២៥ នាក់ បានរងរបួសក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។

កងកម្លាំងអ៊ីស្រាអែលបានបន្តវាយលុកភាគកណ្តាលតំបន់ហ្កាហ្សាដោយថ្មើជើង តាមសមុទ្រ និងផ្លូវអាកាសកាលពីថ្ងៃពុធ ហើយការដាច់ប្រព័ន្ធទូរគមនាគមន៍នៅក្នុងតំបន់ជាច្រើនក្នុងដែនដីរងការឡោមព័ទ្ធនេះ បានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បី ធ្វើដំណើរទៅឲ្យដល់ កន្លែងដែលមានប្រជាពលរដ្ឋប៉ាឡេស្ទីន ស្លាប់ និងរបួស។

ចាប់តាំងពីក្រុមហាម៉ាស បានសម្លាប់មនុស្សប្រមាណ១.២០០នាក់ និងចាប់មនុស្សជាចំណាប់ថ្នូរ ចំនួន២៤០ នាក់កាលពីថ្ងៃទី ៧ ខែតុលា ក្នុងថ្ងៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានឆ្លើយតបដោយការវាយប្រហារ កម្ទេច មិនបង្អង់ដៃ លើតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស។
អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីការពារជនស៊ីវិល ហើយបានស្តីបន្ទោសក្រុមហាម៉ាស ថាជាដើមចមធ្វើឱ្យពួកគេមានគ្រោះថ្នាក់ដោយប្រតិបត្តិការក្នុងចំណោមពួកគេ ដែលក្រុមហាម៉ាស បានច្រានចោល ប៉ុន្តែសូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិកបាននិយាយថា អ៊ីស្រាអែលគួរតែធ្វើបន្ថែមទៀតដើម្បីកាត់បន្ថយការស្លាប់របស់ជនស៊ីវិល ពីអ្វីដែលលោកប្រធានាធិបតី Joe Biden បានហៅថា ជាការទម្លាក់គ្រាប់បែកដោយមិនរើសមុខ៕