ប្រធានផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសលីបេរីយ៉ា លោក ហ្រ្វង់ស៊ីស ខាតេហ្វ (Francis Kateh) បាននិយាយកាលពីថ្ងៃពុធ (២៧ ធ្នូ) ថាមនុស្សយ៉ាងហោចណាស់ ៤០នាក់ បានស្លាប់បន្ទាប់ពីការផ្ទុះរថយន្តដឹកប្រេងឥន្ធនៈនៅភាគពាយ័ព្យនៃប្រទេសអាហ្វ្រិកខាងលិចមួយនេះ។

រថយន្តដឹកឥន្ធនៈនោះបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចថ្ងៃអង្គារនៅក្នុងទីក្រុង តូតូតា (Totota) តំបន់ ឡូវើ បង (Lower Bong) ហើយភ្លាមៗក៏បានផ្ទុះ ដែលបានសម្លាប់ និងបង្ករបួសដល់មនុស្សជាច្រើននាក់ដែលបាននាំគ្នាទៅមើលកន្លែងកើតហេតុ។

លោក ខាតេហ្វ បានប្រាប់អ្នកយកព័ត៌មានថា មនុស្សរាប់សិបនាក់នៅតែស្ថិតក្នុងមន្ទីរពេទ្យដោយមានការរលាកធ្ងន់ធ្ងរ ហើយចំនួនអ្នកស្លាប់អាចកើនឡើងទៀត។

សុវត្ថិភាពផ្លូវថ្នល់ទាប និងហេដ្ឋារចនាសម្ព័ន្ធមិនល្អបានធ្វើឱ្យអនុតំបន់សាហារ៉ាអាហ្រ្វិក ក្លាយជាតំបន់ដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុតរបស់ពិភពលោកសម្រាប់ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជាមួយនឹងអត្រាអ្នកស្លាប់ខ្ពស់ជាងមធ្យមភាគរបស់អឺរ៉ុប ចំនួនបីដង នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ៕