រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយកាលពីថ្ងៃពុធ (២៧ ធ្នូ) ថាប្រទេសរុស្ស៊ី និងឥណ្ឌា បានធ្វើឱ្យមានការវិវឌ្ឍន៍ជាក់ស្តែងនៅក្នុងកិច្ចពិភាក្សាស្តីពីផែនការរួមគ្នាផលិតគ្រឿងយុទ្ធោបករណ៍ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីឥណ្ឌាលោក ស៊ុប្រាហ្វម៉ានយ៉ាម ចៃសានការ (Subrahmanyam Jaishankar) នៅទីក្រុងមូស្គូ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ឡាវរ៉ូវ បាននិយាយថា កិច្ចសហប្រតិបត្តិការបែបនេះមានលក្ខណៈជាយុទ្ធសាស្ត្រ និងជាផលប្រយោជន៍របស់ប្រទេសទាំងពីរ ហើយនឹងជួយធានាសន្តិសុខនៅលើទ្វីបអាស៊ីអឺរ៉ុប។

លោកបាននិយាយថា ទីក្រុងមូស្គូគោរពបំណងប្រាថ្នារបស់ឥណ្ឌាក្នុងការធ្វើពិពិធកម្មអ្នកផ្គត់ផ្គង់ផ្នែករឹងយោធារបស់ខ្លួន ហើយក៏បានត្រៀមខ្លួនផងដែរដើម្បីគាំទ្រដល់បំណងប្រាថ្នារបស់ទីក្រុងញ៉ូវដេលី ក្នុងការផលិតរបស់ដែលឥណ្ឌាត្រូវការនៅក្នុងប្រទេសឥណ្ឌា។

ឥណ្ឌាបានក្លាយជាដៃគូសេដ្ឋកិច្ចស្នូលមួយរបស់រុស្ស៊ីចាប់តាំងពីប្រទេសលោកខាងលិចក្នុងឆ្នាំ២០២២ បានដាក់ទណ្ឌកម្មលើក្រុងមូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ រុស្ស៊ីបានបង្វែរការនាំចេញប្រេងជាច្រើនរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា និងបង្កើនការទូតនៅក្នុងក្រុមប្រទេស ប្រ៊ីក (BRICS) ជាប្លុកដែលប្រទេសទាំងពីរកំពុងបង្កើតសមាជិក៕
