ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ព្រះមហាក្សត្រ អាបឌុលឡា (Abdullah) នៃប្រទេសហ្ស៊កដានី និងប្រធានាធិបតីអេហ្ស៊ីប លោក អាបឌែល ហ្វាតាហ្វ អាល់ស៊ីស៊ី (Abdel Fattah al-Sisi) បាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងគែរ កាលពីថ្ងៃពុធ (២៧ ធ្នូ) ថាពួកគេបានច្រានចោលរាល់វិធានការរបស់អ៊ីស្រាអែល ក្នុងការបណ្តេញជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា និងតំបន់ វេស បែង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេដឹកនាំទាំងពីររូបក៏បាននិយាយផងដែរថា សហគមន៍អន្តរជាតិគួរតែដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យយល់ព្រមលើបទឈប់បាញ់ជាបន្ទាន់ និងអនុញ្ញាតឱ្យមានជំនួយគ្រប់គ្រាន់ទៅកាន់តំបន់ហ្កាហ្សា ដែលហែកហួរដោយសង្រ្គាមដើម្បីបន្ធូរបន្ថយ «ស្ថានភាពសោកនាដកម្ម» នៃមនុស្សជាង ២លាននាក់នៅក្រោមការឡោមព័ទ្ធនៅទីនោះ។

រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក អាយម៉ាន សាហ្វាឌី (Ayman Safadi) ធ្លាប់បាននិយាយថា អ៊ីស្រាអែលកំពុងអនុវត្តគោលនយោបាយជំរុញជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា តាមរយៈសង្គ្រាមដែលលោកបាននិយាយថា ឆ្លើយតបនឹង «និយមន័យផ្លូវច្បាប់នៃអំពើប្រល័យពូជសាសន៍» ដែលនោះជាការចោទប្រកាន់មួយដែលអ៊ីស្រាអែល បានច្រានចោលថាជា «រឿងដ៏ផ្ដេសផ្ដាស់»។

ក្រៅពីការបំផ្លិចបំផ្លាញ ឬបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធដ៏ធំ រួមទាំងលំនៅឋានជនស៊ីវិល និងមន្ទីរពេទ្យនៅហ្កាហ្សា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដែលជាការសងសឹកចំពោះការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់យ៉ាងហោចណាស់ ២១.១១០នាក់ និងបង្ករបួសដល់មនុស្ស ៥៥.២៤៣នាក់ផ្សេងទៀត៕