មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានឲ្យដឹងថា រហូតមកដល់ពេលនេះ ឃើញមានក្រុមហ៊ុនជាច្រើននៅតែបន្តចុះឈ្មោះនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីប្រកាសអំពីតម្រូវការកម្លាំងពលកម្មគ្រប់មុខតំណែង និងគ្រប់មុខជំនាញ។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ថា គិតក្នុងត្រីមាសទី៣ចុងក្រោយនេះ សម្រាប់តែមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ គឺមានបណ្តាក្រុមហ៊ុននៅតែបន្តចុះឈ្មោះ។ ដោយឡែក សម្រាប់ឆ្នាំថ្មី២០២៤ខាងមុខ ក៏មានក្រុមហ៊ុនបណ្តើរៗបានធ្វើការចុះឈ្មោះ ដែលនិយាយជារួម ភាគីនិយោជកនៅតែមានតម្រូវការកម្លាំងពលកម្ម។

លោកបានបញ្ជាក់ថា សព្វថ្ងៃនេះមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត នៅតែបន្តសកម្មភាពផ្សព្វផ្សាយអំពីព័ត៌មានការងារដដែល ហើយសម្រាប់គន្លឹះដែលយុវជន សិស្ស និស្សិត បានទទួលឱកាសការងារ ក៏ដូចជាមិនទាន់ទទួលបានជោគជ័យហើយនោះ គឺ NEA នឹងបន្តរៀបចំសម្របសម្រួលបន្ថែមទៀតដោយឥតគិតថ្លៃ ខណៈដែលយុវជនរាប់ពាន់ម៉ឺននាក់ បានកំពុងត្រៀមខ្លួនដើម្បីចូលធ្វើការងារ ឬក៏ចង់ផ្លាស់ប្តូរការងារជាដើម។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែធ្នូនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានសហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តរៀបចំវេទិកាការងារ និងកម្មសិក្សាការងារ ដោយនាំយកឱកាសការងារជាង ២០០កន្លែង ពីក្រុមហ៊ុនធំៗចំនួន៣ រួមមាន៖ ក្រុមហ៊ុន តេលា , ក្រុមហ៊ុន DEVELOCUS និងសណ្ឋាគារ ខេវីអិល (KVL)។

ក្រុមយុវជនដែលបានចូលរួមក្នុងវេទិកាការងារខាងលើនេះ បានឲ្យ ប៊ីធីវី ដឹងថា តាមរយៈកម្មវិធីនេះ នឹងផ្តល់ឱកាសកាងារល្អៗ និងផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ។ យុវជនទាំងនេះ បានទទួលស្គាល់ទៀតថា ការផ្សព្វផ្សាយអំពីព័ត៌មានទីផ្សារការងារសព្វថ្ងៃនេះ ពិតជាមានភាពទូលំទូលាយជាងមុន ថែមទាំងផ្តល់ឱកាសកាន់តែជាច្រើន ក្នុងការស្វែងយល់ពីតម្រូវការការងារក្នុងពេលបច្ចុប្បន្ន និងអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី





