ភាពតានតឹងកំពុងកើនឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។មន្ត្រីការពារជាតិបាននិយាយថា នាវាអាមេរិកបានបាញ់ទម្លាក់ដ្រូន និងមីស៊ីលជាច្រើនគ្រឿងនៅក្នុងសមុទ្រក្រហមកាលពីថ្ងៃអង្គារ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនលើមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ នៅថ្ងៃបុណ្យណូអែល បន្ទាប់ពីការវាយប្រហារសងសឹកដោយសហរដ្ឋអាមេរិកទៅលើក្រុមភេរវករ គាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ថ្មីៗនៅសប្តាហ៍នេះ។

ការវាយប្រហារទៅមកវិញបានកាត់ផ្តាច់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀតដើម្បីទប់ទល់សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស កុំឱ្យហៀរចូលទៅក្នុងជម្លោះក្នុងតំបន់កាន់តែធំ។

រយៈពេលជាច្រើនសប្តាហ៍មកនេះ ក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន និងប្រទេសផ្សេងទៀតបានបើកការវាយប្រហារដោយយានដ្រូនលើនាវាដឹកជញ្ជូនទំនិញនៅក្នុងសមុទ្រក្រហម។
មីស៊ីលជាច្រើនគ្រាប់ត្រូវបានស្ទាក់ចាប់ដោយមីស៊ីលរបស់សហរដ្ឋអាមេរិក។ នៅថ្ងៃបុណ្យណូអែល កងកម្លាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយយានដ្រូន ដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងប្រទេសអ៊ីរ៉ង់។

ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ការវាយប្រហារទាំងនោះបានសម្លាប់សកម្មប្រយុទ្ធយ៉ាងហោចណាស់ម្នាក់ និ១៨ងរបួសចំនួននាក់ ប៉ុន្តែក៏បានជំរុញឱ្យមានការប្រឆាំងនឹងសហរដ្ឋអាមេរិកផងដែរ នោះគឺបាតុកម្មនៅប្រទេសអ៊ីរ៉ាក់។
រដ្ឋមន្ត្រីការពារជាតិ Lloyd Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកនឹងមិនស្ទាក់ស្ទើរក្នុងការ ចាត់វិធានការចាំបាច់ដើម្បីការពារសហរដ្ឋអាមេរិក កងទ័ពរបស់ខ្លួន និងផលប្រយោជន៍របស់ខ្លួននោះ ។
ទន្ទឹមនឹងនោះ មន្ត្រីក្រុងវ៉ាស៊ីនតោន បន្តជួបជាមួយមេដឹកនាំ និងសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ដើម្បីកុំឱ្យជម្លោះក្នុងប្រទេសអ៊ីស្រាអែល រីកធំ៕