លោក ឧបនាយករដ្ឋមន្ត្រី Alexander Novak បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី បានប្តូរទិសដៅការនាំចេញប្រេងរបស់ខ្លួនពីអឺរ៉ុប ទៅកាន់ប្រទេសចិន និងឥណ្ឌាវិញ រយៈពេលជិតពីរឆ្នាំ បន្ទាប់ពីទីក្រុងមូស្គូ រងការវាយប្រហារដោយទណ្ឌកម្មរបស់លោកខាងលិចជុំវិញជម្លោះអ៊ុយក្រែន។

បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនទាហានទៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បណ្តាប្រទេសលោកខាងលិច បានវាយប្រហាររុស្ស៊ីជាមួយនឹងទណ្ឌកម្មមួយចំនួន រួមទាំងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើការដឹកជញ្ជូនប្រេងតាមសមុទ្ររបស់ខ្លួន។
លោក Novak ដែលទទួលបន្ទុកគោលនយោបាយថាមពល បាននិយាយថា៖«ពីមុន យើងបានផ្គត់ផ្គង់ប្រេងសរុបពី ៤០ភាគរយ ទៅ៤៥ភាគរយនៃផលិតផលប្រេងទៅកាន់អឺរ៉ុប»។

លោក Novak បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា៖«ឆ្នាំនេះ យើងរំពឹងថា តួលេខនេះ នឹងមិនលើសពី ៤ ទៅ ៥ភាគរយនៃការនាំចេញសរុបទេ»។
ដោយសារវាកំពុងបាត់បង់ចំណែកទីផ្សារជាច្រើននៅអឺរ៉ុប ទីក្រុងមូស្គូ បានងាកទៅរកអ្នកទិញផ្សេងទៀត រួមទាំងប្រទេសចិនផងដែរ។
លោក បានបន្តទៀតថា៖«ប្រទេសចិនដែលមានចំណែក (នៃការនាំចេញប្រេង) បានកើនឡើងដល់ ៤៥-៥០ ភាគរយ ហើយឥណ្ឌា បានក្លាយជាដៃគូសំខាន់របស់យើង ក្នុងស្ថានភាពបច្ចុប្បន្ន។
ប្រទេសឥណ្ឌា ដែលពីមុន ទទួលបានការដឹកជញ្ជូនស្ទើរតែគ្មាន បានក្លាយជាអ្នកទិញដ៏សំខាន់។