អភិបាលរាជធានីភ្នំពេញបានបង្ហាញការរីកចម្រើនជាច្រើនក្នុងរយៈពេលមួយឆ្នាំ នៃឆ្នាំ២០២៣នេះ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ដោយរក្សាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ជូនប្រជាពលរដ្ឋ និងសង្គមជាតិបានល្អ បើតាមរបាយការណ៍បង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសកាន់តែមានប្រសិទ្ធភាពរបស់អាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ច។

ឯកឧត្តម ឃួង ស្រេង បន្ថែមថា រដ្ឋបាលរាជធានីក៏បានអនុវត្តដោយជោគជ័យនូវគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ ដែលជាផ្នែកមួយនៃគម្រោង ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមឥណទានរបស់ធនាគារពិភពលោក និងដឹកនាំអនុវត្តដោយក្រសួងមហាផ្ទៃ។ គិតមកទល់ពេលនេះ គម្រោងបានអនុវត្តអស់រយៈពេល ៦ឆ្នាំហើយ និងបានបិទបញ្ចប់គម្រោងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋចំនួនប្រមាណ ៥៦.៦៧៧ នាក់ និងដោយប្រយោលប្រមាណ ២២ ម៉ឺននាក់ ។

ឯកឧត្តម ឃួង ស្រេង បន្តថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រក ចេញចូលតែមួយទទួលបានចំណូលថវិការដ្ឋចំនួនជិត ២៧ពាន់លានរៀល ឬស្មើនឹងប្រមាណ ៦,៥៨ លានដុល្លាអាមេរិក។ បច្ចុប្បន្ននេះគម្រោងអភិវឌ្ឍន៍ជាច្រើនបាននឹងកំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានសំណង់បុរីចំនួន ៣១០ កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១.៧៧៧ អគារ និងបានពិនិត្យលើឯកសារស្នើសុំ លិខិតអនុញ្ញាតសាងសង់ក្នុងគម្រោងថ្មីចំនួន ៥៣៦ គម្រោង ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ ១៣២ លានដុល្លារអាមេរិកបន្ថែមទៀត ។ ដោយឡែករោងចក្រវិនិយោគមានចំនួន ៧៦៣ រោងចក្រ កើនឡើង ១៨ រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផលសរុប ៦.៥៩៣ លានដុល្លាអាមេរិក គឺកើនឡើងយ៉ាងគំហុកក្នុងអត្រាប្រមាណ ២១៨% បើធៀបនឹងតម្លៃប៉ាន់ស្មានផលិតផលសរុបក្នុងឆ្នាំ២០២២ កន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការវិនិយោគ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញលើគ្រប់វិស័យនារយៈពេល ២ ឆ្នាំចុងក្រោយនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





