កាលពីថ្ងៃពុធ ប្រទេសអ៊ីស្រាអែល បានស្តីបន្ទោសក្រុមហាម៉ាស និងទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) សម្រាប់ការរារាំងជំនួយមនុស្សធម៌ មិនឱ្យទៅដល់ប្រជាជននៅតំបន់ហ្កាហ្សា។

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក Eylon Levy បាននិយាយនៅក្នុងសន្និសីទតាមវីដេអូថា ជំនួយ មិនបានទៅដល់ពលរដ្ឋដែលត្រូវការវានោះទេ ព្រោះក្រុមហាម៉ាស បានប្លន់ជំនួយ ហើយ ភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) គ្រប់គ្រងជំនួយនោះ។

នៅពេលត្រូវបានសួរអំពីសាកសពពលរដ្ឋប៉ាឡេស្ទីន ដែលតាមសេចក្តីរាយការណ៍ថា អ៊ីស្រាអែល បានប្រគល់ទៅឲ្យតំបន់ហ្កាហ្សា លោក Levi បាននិយាយថា សាកសពត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែលសម្រាប់នីតិវិធីកំណត់អត្តសញ្ញាណ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ទីតាំងចំណាប់ថ្នូរ និងអ្នកបាត់ខ្លួន។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែល បានប្រគល់សាកសពពលរដ្ឋប៉ាឡេស្ទីនចំនួន ៨០ នាក់ ដែលបានស្លាប់នៅក្នុងជម្លោះនៅតំបន់ហ្កាហ្សា បន្ទាប់មកពួកគេត្រូវបានបញ្ចុះ ហើយអាជ្ញាធរ បានកត់ត្រាព័ត៌មានលម្អិតដើម្បីជួយកំណត់អត្តសញ្ញាណនៅពេលក្រោយ។
យោងតាមក្រុមអ៊ីស្លាម Waqf ឬក្រសួងកិច្ចការសាសនាបានឲ្យដឹងថា សាកសព ត្រូវបានប្រមូលពីផ្នែកភាគខាងជើងតំបន់ហ្កាហ្សា។ វាកម្រណាស់ សម្រាប់សាកសពដ៏ច្រើនបែបនេះ ដែលត្រូវប្រគល់មកវិញ។ ពួកគេត្រូវបានបញ្ចុះកាលពីថ្ងៃអង្គារ នៅក្នុងផ្នូររួមដ៏វែងមួយកន្លែងនៅទីបញ្ចុះសពទីក្រុង Rafah នៅភាគខាងត្បូងតំបន់នោះ។
អ៊ីស្រាអែល បានបង្កើនការវាយឆ្មក់របស់ខ្លួនក្នុងសប្តាហ៍នេះ ជាពិសេសនៅតំបន់ភាគកណ្តាល នៅភាគខាងត្បូងផ្លូវទឹកដែលពុះចែកជាពីរឆ្នេរតូចចង្អៀត។ កងទ័ពអ៊ីស្រាអែល បានប្រាប់ជនស៊ីវិលឱ្យចាកចេញពីតំបន់នេះ ទោះបីជាមនុស្សភាគច្រើន បាននិយាយថាគ្មានកន្លែងណាសេសសល់ត្រូវទៅនោះទេ។