តម្លៃប្រេងបានធ្លាក់ចុះជិត ២% កាលពីថ្ងៃពុធ (២៧ ធ្នូ) ពីកំណើនកាលពីថ្ងៃមុននោះ ខណៈអ្នកវិនិយោគបានតាមដានការវិវឌ្ឍន៍នៅក្នុងសមុទ្រក្រហម ជាទីដែលក្រុមហ៊ុនដឹកជញ្ជូនកំពុងត្រលប់ទៅធ្វើដំណើរតាមផ្លូវទឹកនោះវិញ ទោះបីជាមានការវាយប្រហារបន្ថែមទៀតកាលពីថ្ងៃអង្គារក៏ដោយ។

ក្រុមហ៊ុនដឹកជញ្ជូនរបស់ដាណឺម៉ាក Maersk បាននិយាយថា ខ្លួនបានត្រៀមនាវាកុងតឺន័ររាប់សិបគ្រឿងដើម្បីធ្វើដំណើរតាមព្រែកជីកស៊ុយអេ និងសមុទ្រក្រហមក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីបានអំពាវនាវឱ្យផ្អាកជាបណ្តោះអាសន្នចំពោះផ្លូវទាំងនោះក្នុងខែនេះ បន្ទាប់ពីការវាយប្រហារដោយកងជីវពលហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងប្រទេសយេម៉ែន។

ក្រុហ៊ុនដឹកជញ្ជូន CMA CGM របស់បារាំងក៏បាននិយាយផងដែរថា ខ្លួនកំពុងបន្តឆ្លងកាត់សមុទ្រក្រហម បន្ទាប់ពីមានការបញ្ជូនកងកម្លាំងពហុជាតិសាសន៍ ដែលដឹកនាំអាមេរិកទៅកាន់តំបន់នេះ។ ការរំពឹងទុកនៃយុទ្ធនាការយោធាអ៊ីស្រាអែល ដ៏អូសបន្លាយនៅហ្កាហ្សា នៅតែជាកត្តាជំរុញដ៏សំខាន់នៃការប្រែប្រួលក្នុងទីផ្សារពាណិជ្ជកម្ម។

ចាប់តាំងពីខែមុន ក្រុមហ៊ូទី ដែលគ្រប់គ្រងទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសយេម៉ែន បន្ទាប់ពីសង្រ្គាមជាច្រើនឆ្នាំ បានបាញ់យានដ្រូន និងមីស៊ីលទៅកាន់នាវាអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ក្នុងការវាយប្រហារដែលខ្លួននិយាយថាជាការឆ្លើយតបទៅនឹងការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប៕