ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ប្រទេសរបស់លោក អាចក្លាយជាប្រទេសផលិតផ្នែកការពារជាតិធំបំផុតមួយនៅក្នុងពិភពលោក ហើយបញ្ហានេះ លោកប្រាកដថាឧស្សាហកម្មការពារជាតិរបស់ប្រទេសអ៊ុយក្រែន ពិតជាអាចក្លាយជារោងចក្រផ្នែកការពារជាតិដ៏មានផលិតភាព និងរឹងមាំបំផុតមួយក្នុងចំណោមរោងចក្រចំនួន ១០ នៅលើពិភពលោក នៅទីបំផុត។

លោកបាននិយាយក្នុងអំឡុងសុន្ទរកថាតាមវីដេអូកាលពីថ្ងៃពុធថា ឧស្សាហកម្មនេះ កំពុងរួមចំណែករួចទៅហើយ មិនត្រឹមតែក្នុងការពង្រឹងសមត្ថភាពការពារផ្ទាល់ខ្លួនរបស់អ៊ុយក្រែនក្នុងពេលមានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច និងការងារផងដែរ ។

លោក Zelensky បានសរសើរដល់កិច្ចព្រមព្រៀង ជាមួយដៃគូប្រទេសលោកខាងលិច លើសពីសហរដ្ឋអាមេរិកទាំងអស់ លើការផលិតសព្វាវុធរួមគ្នាថា ជាសមិទ្ធផលនយោបាយដ៏អស្ចារ្យបំផុតរបស់យើងនៅឆ្នាំនេះ។ លោកនិយាយថា នេះធ្វើឱ្យមានលទ្ធភាពក្នុងការបង្កើតយុទ្ធោបករណ៍ទំនើបៗ ហើយ ការផលិតសព្វាវុធបែបប្រទេសលោកខាងលិច នឹងត្រូវបានគេធ្វើមូលដ្ឋានីយកម្មបន្ថែមទៀត។
កាលពីពេលមុន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រអ៊ុយក្រែន លោក Olexander Kamyshin បានប្រាប់សារព័ត៌មានថា ប្រទេសអ៊ុយក្រែន បានបង្កើនការផលិតផ្នែកការពារជាតិរបស់ខ្លួនបីដង ក្នុងឆ្នាំបច្ចុប្បន្ន។