ក្រុមឧទ្ទាមជនជាតិភាគតិច ដែលរួមបញ្ចូលសម្ព័ន្ធភាតរភាពត្រីភាគី រួមមានកងទ័ពរំដោះជាតិ តាអាំង (TNLA) កងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពអារ៉ាកាន (AA) បានចោទប្រកាន់របបសឹកមីយ៉ាន់ម៉ា ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។

សារព័ត៌មាន អឺរ៉ាវ៉ាដឌី (Irrawaddy) បានរាយការណ៍ថា ស្របពេលមានជម្លោះដែលកំពុងបន្តនៅភាគខាងជើងរដ្ឋ សាន និងរដ្ឋរ៉ាឃីន សម្ព័ន្ធក្រុមឧទ្ទាមនេះបានចោទប្រកាន់ថារបបសឹកកំពុងបង្កើនការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងទៅលើគោលដៅជនស៊ីវិលដោយចេតនា។

ការប៉ះទង្គិចគ្នានាពេលថ្មីៗនេះបានបណ្តាលឲ្យជនស៊ីវិលស្លាប់បាត់បង់ជីវិត ដោយមានសេចក្តីរាយការណ៍ពីការបាញ់ផ្លោងនៅក្នុងទីប្រជុំជន ណាមទុ (Namtu) ការទម្លាក់គ្រាប់បែកលើទីក្រុង ឡាក់កៃ (Laukkai) និងការវាយប្រហារតាមអាកាសទៅលើភូមិ ម្រាក់យ៉ូ (Mrauk-U)។
សម្ព័ន្ធភាតរភាពត្រីភាគីនេះបានអះអាងថា សកម្មភាពទាំងនេះបាននាំឱ្យមានឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងច្រើនក្នុងឆ្នាំ២០២៣។

របបសឹកមីយ៉ាន់ម៉ា មិនត្រឹមតែប្រឈមមុខនឹងការតស៊ូពីក្រុមឧទ្ទាមជនជាតិភាគតិចប៉ុណ្ណោះទេ ថែមទាំងការវាយប្រហារឥតឈប់ឈរពីកងកម្លាំងការពារប្រជាជន (PDFs) ក្រោមរដ្ឋាភិបាលឯកភាពជាតិ (NUG) និងអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស៕