ប្រណាំងម៉ូតូ៖ ជើងឯកម៉ូតូ GP ពិភពលោក ៦សម័យ Marc Marquez បានប្រជែងឈ្នះការប្រកួតប្រណាំងម៉ូតូ GP នៅទឹកដីអាល្លឺម៉ង់ដែលជាជ័យជំនះដំបូងតាំងពីឆ្នាំ២០១៩។ នេះគឺជាការឈរលើវេទិកាកិត្តយស ៣លើកជាប់គ្នាសំរាប់កីឡាករវ័យ ២៨ឆ្នាំរូបនេះ និងជាជ័យជំនះនៅទីលាន Sachsenring នេះ ១១ឆ្នាំជាប់គ្នា។

កីឡាករអេស្ប៉ាញជើងឯកពិភពលោក ៦សម័យរូបនេះបានវិលមកប្រកួតវិញក្នុងរដូវកាលនេះ បន្ទាប់ពីរបួសបាក់ដៃកាលពីខែតុលាឆ្នាំមុននៅប្រទេសអេស្ប៉ាញ។ ចំណែកលេខ២ ក្នុងការប្រកួតនៅអាល្លឺម៉ង់នេះគឺកីឡាករព័រទុយហ្កាល់ Miguel Oliveir ខណៈអ្នកនាំមុខគេក្នុងតារាងជើងឯកពិភពលោក Fabio Quartararo បានបញ្ចប់នៅអាល្លឺម៉ង់នេះចំណាត់ថ្នាក់លេខ៣។ ថ្វីបើត្រឹមលេខ៣ ក៏ដោយកីឡាករបារាំងវ័យ ២២ឆ្នាំរូបនេះនៅតែបន្តនាំមុខគេក្នុងតារាងជើងឯកពិភពលោកដដែលមាន ២២ពិន្ទុដាច់មិត្តរួមជាតិបារាំង Johann Zarco ដែលបានលេខ៨ ការប្រកួតនៅអាល្លឺម៉ង់នេះ។ លេខ៣ ក្នុងតារាងជើងឯកពិភពលោកគឺកីឡាករអូស្ត្រាលី Jack Miller តាមពីក្រោយអ្នកនាំមុខគេ ៣១ពិន្ទុ។ បន្ទាប់ពីអាល្លឺម៉ង់ម៉ូតូ GP នឹងបន្តដំណើរទៅទឹកដីហូឡង់ថ្ងៃទី២៧ ខែមិថុនាចុងសប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ