ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ មានគណបក្សនយោបាយចំនួន៤ ឈរ ឈ្មោះប្រកួតប្រជែង ហើយគណបក្សនយោបាយទាំងអស់នោះ ក៏បានរកឃើញលេខរៀងរបស់ខ្លួនផងដែរ សម្រាប់ឲ្យគេបោះឆ្នោតជូន ។
លទ្ធផលនៃការចាប់ឆ្នោត គណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងទី១, គណបក្សឆន្ទៈខ្មែរ លេខរៀងទី២, គណបក្សហ៊្វុនស៊ិនប៉ិច លេខរៀងទី៣ និងគណបក្សកម្លាំងជាតិ លេខរៀងទី៤ ដែលពិធីនេះ មាននិមន្តតំណាងព្រះសង្ឃនាយកទាំង២គណៈ តំណាងក្រសួងស្ថាប័ន និងតំណាងគណបក្សនយោបាយ អង្គការ សមាគមក្រៅរដ្ឋាភិបាល សារព័ត៌មាននានា ចូលរួមធ្វើជាសាក្សីផងដែរ ។

នៅក្នុងពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្នោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែធ្នូ នេះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការចាប់ឆ្នោតយកលេខរៀងនេះ សំដៅធ្វើឲ្យមានភាពយុត្តិធម៌ តម្លាភាព ក្នុងការកំណត់ លេខរៀងឈ្មោះគណបក្សនយោបាយចុះឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត ។

ឯកឧត្តម បានបន្តថា លទ្ធផលនៃការចាប់ឆ្នោតនេះ មានអត្ថន័យសំខាន់ណាស់ សម្រាប់គណបក្សនយោបាយទាំងអស់ ដែលនឹងបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ សម្រាប់ការឃោសនា បោះឆ្នោត ការបោះឆ្នោត និងបង្កភាពងាយស្រួលដល់អ្នកបោះឆ្នោត និងអង្គបោះឆ្នោតផងដែរ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា ដំណើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភា នីតិកាលទី៥ កំពុងប្រព្រឹត្តិទៅយ៉ាងសកម្ម តាមផែនការមេ និងប្រតិទិនដែលបានគ្រោងទុក ហើយ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បានបញ្ចប់រួចហើយ ដោយគណបក្សនយោបាយទាំង៤ នឹងចូលរួមប្រកួតប្រជែង និងបានឈរឈ្មោះនៅគ្រប់មណ្ឌលទាំង៨ ភូមិភាគ ខណៈការចុះឈ្មោះអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គ.ជ.ប បានទទួលរួចរាល់នូវបញ្ជីឈ្មោះតំ ណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលមានចំនួនជាង១ម៉ឺន១ពាន់នាក់ ។

ឯកឧត្តម បានបញ្ជាក់ថា ផ្អែកតាមប្រតិទិន នៃការបោះឆ្នោត គ.ជ.ប នឹងធ្វើការបិទផ្សាយបញ្ជី បោះឆ្នោតដំបូង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងបម្រើឲ្យដល់ការប្ដឹងតវ៉ា និងប្ដឹងជំទាស់ បន្ទាប់មក គ.ជ.ប នឹងផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ នៅថ្ងៃទី៩ ខែកុម្ភៈ ហើយការបោះឆ្នោត នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ៕ អត្ថបទ៖ បាន សុខរិទ្ធិ




