គណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភវិឌ្ឍន៍ជនបទ បានចុះពិនិត្យវាយតម្លៃបញ្ចប់ការងារស្ថាបនាផ្លូវដីក្រាលល្បាយគ្រួស ២ខ្សែ និងលូ ២គម្រោង នៅស្រុកជុំគីរី ខេត្តកំពត។

នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងលូចំនួន ២គម្រោង ស្ថិតនៅខេត្តកំពត។

គម្រោងទី១÷ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង៤ ៤០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូប្រអប់មុខពី ប់មុខពីរចំនួន ១កន្លែង លូមូលមុខពីរចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ៥កន្លែង ស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត និងគម្រោងទី២ . ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង៥ ១០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាលូប្រអប់មុខពីរចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ៤កន្លែង ស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ដែលគម្រោងទាំង២នេះ អនុវត្តដោយក្រុមការងារ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក ២១។

ក្រោយពីបានត្រួតពិនិត្យរួច ឯកឧត្តមបណ្ឌិត ក៏ជាគណៈកម្មការអន្តរក្រសួងបានសម្រេចព្រមទទួលយកការបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងលូ ទាំង២គម្រោងខាងលើ និងថាក្រុមការងារវិស្វកម្ម ពិតជាបានអនុវត្តត្រឹមត្រូវតាមលក្ខណៈ បទដ្ឋានបច្ចេកទេស ធានាបាននូវគុណភាព សុវត្ថិភាព និងសោភណ្ឌភាព សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានកាន់តែប្រសើរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតក៏បានស្នើដល់មន្ត្រីជំនាញពាក់ព័ន្ធ មន្ទីរអភិវឌ្ឃន៍ជនបទ អាជ្ញាធរ និងប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវទាំងនោះ អោយបានល្អ និងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីរក្សាគុណភាពផ្លូវអោយជាប់បានយូរ ងាយស្រួលក្នុងការធ្វើដំណើរ ពិសេសពលរដ្ឋត្រូវចាត់ទុកផ្លូវទាំងអស់នៅក្នុងមូលដ្ឋាន ជាផ្លូវរបស់ខ្លួន រួមគ្នាប្រើ រួមគ្នាថែទាំផ្លូវឲ្យបានល្អ៕

