
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ( Joe Biden) បាននិយាយកាលពីថ្ងៃពុធ (២៧ ធ្នូ) ថាការវាយប្រហារតាមអាកាសរបស់យោធាអាមេរិក កាលពីថ្ងៃច័ន្ទក្នុងប្រទេសអ៊ីរ៉ាក់ គឺមានគោលបំណងរារាំងប្រទេសអ៊ីរ៉ង់ និងក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ពីការគាំទ្រ ឬដឹកនាំការវាយប្រហារលើបុគ្គលិក និងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក។
យោធាអាមេរិកបានធ្វើការវាយប្រហារតាមអាកាសក្នុងបំណងសងសឹកកាលពីថ្ងៃច័ន្ទនៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនកាលពីព្រឹកនៅថ្ងៃដដែលនោះដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ដែលបានធ្វើឱ្យសមាជិកសេវាកម្មអាមេរិកម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងបានធ្វើឱ្យបុគ្គលិកអាមេរិកពីរនាក់ផ្សេងទៀតរងរបួស។
លោក បៃដិន បាននិយាយថា «ការវាយប្រហារនេះមានគោលបំណងកាត់បន្ថយ និងរំខានដល់ការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងសហរដ្ឋអាមេរិក និងដៃគូរបស់យើង ព្រមទាំងដើម្បីរារាំងក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ និងប្រទេសអ៊ីរ៉ង់ពីការធ្វើ ឬគាំទ្រការវាយប្រហារបន្ថែមទៀត»។
ក្រុមសកម្មប្រយុទ្ធសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ប្រឆាំងនឹងយុទ្ធនាការរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ហើយចាត់ទុកអាមេរិក ជាអ្នកទទួលខុសត្រូវអរិភាពទាំងនោះដោយសារការគាំទ្ររបស់ខ្លួនចំពោះអ៊ីស្រាអែល។ ការប៉ះទង្គិចគ្នាទៅវិញទៅមកនេះ គឺជាការបង្ហាញចុងក្រោយបង្អស់ដែលថាសង្រ្គាមនៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានបង្កហានិភ័យនៅទូទាំងមជ្ឈឹមបូព៌ា៕