
នៅក្នុងសារមួយនៃការប្រារព្ធទិវាអន្តរជាតិនៃការត្រៀមបង្ការជំងឺរាតត្បាត អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានសង្កត់ធ្ងន់កាលពីថ្ងៃពុធ (២៧ ធ្នូ) អំពីភាពចាំបាច់សម្រាប់ការត្រៀមខ្លួនជាសកលប្រឆាំងនឹងជំងឺរាតត្បាតនាពេលអនាគត ដោយលើកពីមេរៀននៃវិបត្តិកូវីដ១៩។
លោក ហ្គុយតឺរ៉េស បាននិយាយថា «នៅពេលដែលជំងឺរាតត្បាតនាពេលអនាគតមកដល់ យើងត្រូវតែប្រឹងប្រែងឲ្យបានល្អជាងមុន។ យើងត្រូវរៀបចំ និងធ្វើសកម្មភាពឲ្យបានប្រសើរដូចដែលមានជំងឺកូវីដ១៩ ជាមេរៀនស្រាប់»។
លោកបានបន្តថា ផ្លូវឆ្ពោះទៅមុខគឺតាមរយៈកិច្ចសហប្រតិបត្តិការជាសកល។ ពិភពលោកត្រូវតែកែលម្អការឃ្លាំមើលមេរោគ ពង្រឹងប្រព័ន្ធសុខភាព និងធ្វើឱ្យការសន្យានៃការធានារ៉ាប់រងសុខភាពជាសកលក្លាយជាការពិត។
ប្រធានអង្គការសហប្រជាជាតិរូបនេះបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងនេះកំពុងធ្វើឱ្យមានការរីកចម្រើន។ លោកបានរំលឹកថា កិច្ចប្រជុំជាន់ខ្ពស់ស្តីពីការបង្ការជំងឺរាតត្បាត ការត្រៀមលក្ខណៈ និងការឆ្លើយតបដែលបានធ្វើឡើងនៅក្នុងខែកញ្ញា បានបញ្ចប់ដោយសេចក្តីប្រកាសនយោបាយដ៏រឹងមាំ ដែលបំពេញបន្ថែមការចរចាដែលកំពុងដំណើរការឆ្ពោះទៅរកកិច្ចព្រមព្រៀងជំងឺរាតត្បាត៕