
ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយរបស់ពិភពលោក Hapag-Lloyd នឹងមិនបន្តប្រើប្រាស់ព្រែកជីកស៊ុយអេ (Suez) ទេ ទោះបីជាមានប្រតិបត្តិការយោធាអន្តរជាតិ ដើម្បីរក្សាតំបន់នោះ ឲ្យមានសុវត្ថិភាពក្តី។
ក្រុមឧទ្ទាមហួទីនៅប្រទេសយេម៉ែនដែលគាំទ្រក្រុមហាម៉ាស ក្នុងសង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា បាននិយាយថា ពួកគេកំពុងកំណត់គោលដៅលើនាវាដែលពួកគេជឿថា កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល។
ក្រុមហ៊ុនជាច្រើន បានឈប់ប្រើប្រាស់ផ្លូវនេះ បន្ទាប់ពីការវាយប្រហារ។
កាលពីថ្ងៃអង្គារ ក្រុមហ៊ុនដឹកជញ្ជូនរបស់ដាណឺម៉ាក Maersk បាននិយាយថា ខ្លួននឹងបន្តប្រតិបត្តិការនៅ សមុទ្រក្រហម។
ប៉ុន្តែក្រុមហ៊ុន Hapag-Lloyd របស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា ខ្លួនចាត់ទុកថា ការឆ្លងកាត់ផ្លូវពាណិជ្ជកម្មដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក នៅតែមាន «គ្រោះថ្នាក់ខ្លាំង» ហើយថា ខ្លួននឹងបន្តផ្លាស់ប្តូរទិសដៅនាវារបស់ខ្លួនតាមរយៈឆ្នេរសមុទ្រ Cape of Good Hope ។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនដឹកជញ្ជូនធំជាងគេទី៥របស់ពិភពលោក តាមសមត្ថភាព។
អ្នកនាំពាក្យ បានបន្ថែមថា ខ្លួននឹងពិនិត្យមើលការសម្រេចចិត្តរបស់ខ្លួន នៅថ្ងៃសុក្រ។