
គណបក្សសាធារណៈរដ្ឋនៃរដ្ឋ ខូឡូរ៉ាដូ (Colorado) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (២៧ ធ្នូ) បានស្នើសុំឱ្យតុលាការកំពូលរបស់សហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍ បន្ទាប់ពីតុលាការជាន់ខ្ពស់នៃរដ្ឋ ខូឡូរ៉ាដូ បានដកសិទ្ធិអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មិនឲ្យដាក់ឈ្មោះនៅលើសន្លឹកឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ។
បណ្ដឹងឧទ្ធរណ៍នេះធ្វើឡើងបន្ទាប់ពីតុលាការជាន់ខ្ពស់រដ្ឋ ខូឡូរ៉ាដូ កាលពីថ្ងៃទី១៩ ខែធ្នូ បានដកសិទ្ធិលោក ត្រាំ ដោយសារតែតួនាទីរបស់លោកនៅក្នុងការវាយប្រហារកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូលរបស់សហរដ្ឋអាមេរិកដោយអ្នកគាំទ្ររបស់លោក។
តុលាការបានហាមប្រាមលោក ត្រាំ ក្រោមបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលហាមឃាត់ជនណាដែល «ចូលរួមក្នុងការបះបោរ ឬការប្រឆាំង» ពីការកាន់តំណែងជាសាធារណៈ។
លោក ត្រាំ ដែលជាបេក្ខជននាំមុខគេសម្រាប់ការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋឆ្នាំ២០២៤ ត្រូវបានគេរំពឹងថានឹងដាក់បណ្តឹងឧទ្ធរណ៍ដោយផ្ទាល់។ តុលាការជាន់ខ្ពស់របស់រដ្ឋនេះបានផ្អាកការសម្រេចរបស់ខ្លួនរហូតដល់ថ្ងៃទី០៤ ខែមករា ដោយបញ្ជាក់ថាលោក ត្រាំ នឹងនៅតែមានឈ្មោះនៅក្នុងសន្លឹកឆ្នោតប្រសិនបើលោកប្តឹងឧទ្ធរណ៍។
សេចក្តីសម្រេចរបស់តុលាការរដ្ឋ ខូឡូរ៉ាដូ នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិកដែលមាត្រាទី០៣ នៃវិសោធនកម្មទី១៤ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលហៅថាឃ្លាដកសិទ្ធិ ត្រូវបានគេប្រើប្រាស់ដើម្បីចាត់ទុកថាបេក្ខជនប្រធានាធិបតីមិនមានសិទ្ធិគ្រប់គ្រងសេតវិមាន៕